ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាថាបានចំនួន១៥នាក់ និង រថយន្ត២គ្រឿងដែលចតគ្មានសណ្តាប់ធ្នាប់ ត្រូវអាជ្ញាធរចុះរដ្ឋបាលឃាត់យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ

ភ្នំពេញ៖ កម្លាំងរដ្ឋបាលខណ្ឌ ចុះប្រមូលជនអនាថាបានចំនួន១៥នាក់ ក្នុងនោះស្រី៨ និង បានស្ទូចរថយន្តដែលចតគ្មានសណ្តាប់ធ្នាប់បានចំនួន២គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ និង រក្សាទុករថយន្តនៅ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃសុក្រ ១៤រោច ខែទិតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវរួមមាន: មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៤៧ ផ្លូវ និង ផ្លូវលេខ១០៦-១០៨-ល- ។

គួរបញ្ជាក់ថាកន្លងមករដ្ឋបាលខណ្ឌ បានធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតអោយផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន និង រក្សាអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព ។

ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នេះ រដ្ឋបាលខណ្ឌ បានប្រមូលជនអនាថាបានចំនួន១៥នាក់ ស្រី៨ បញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំ ។ចំណែករថយន្ត២គ្រឿង ដែលចតគ្មានសណ្តាប់ធ្នាប់ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ និង រក្សាទុករថយន្តនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ ។

ចំពោះកាងារអនាម័យបរិស្ដាន លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសំអាតតាមដេប៉ូសំរាម, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ដូចជាៈ ផ្លូវលេខ៤៧ ផ្លូវលេខ១០៦-១០៨-៥១-៥៣ – និងផ្លូវព្រះស៊ីសុវត្ថិ ជាពិសេស លោក អភិបាលខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារយកម៉ូតូកង់បី ធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ, ផ្លូវលេខ៤៧ ផ្លូវលេខ១០៦-១០៨-៥១-៥៣ លាងសំអាតថ្នល់-ការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន, សួនច្បារព្រះបរមរតនៈរូប សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ មហាវិថីព្រះសីហនុ និងមហាវិថីព្រះនរោត្តម មហាវិថីព្រះមុន្នីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ ដើម្បីឲ្យមានបរិស្ថានអនាម័យល្អ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណជាដើម ៕ ស តារា