ព័ត៌មានទាន់ហេតុការណ៍៖

ជម្រះទោសជនជាប់ចោទ៧នាក់ ដែលរំលោភស្រី្តរកស៊ីផ្លូវភេទម្នាក់រួចសម្លាប់ចោល

ភ្នំពេញ៖ លោក កែវ មុនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បានលើកយកសំណុំរឿងអំពើរំលោភសេពសន្ថវៈហើយសម្លាប់ដែលបានកើតឡើងនៅក្នុងខណ្ឌពោធិ៍សែនជ័យកាលពីម៉ោងជាង១២យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ។

ជនជាប់ចោទនៃសំណុំរឿងនេះមានចំនួន៧នាក់ ទី១.ឈ្មោះ ព្រៃ សុកឡាក់ ភេទប្រុស អាយុ៥១ឆ្នាំ, ទី២.ឈ្មោះ ម៉ម វណ្ណាន ហៅចយ ភេទប្រុស អាយុ២០ឆ្នាំ, ទី៣.ឈ្មោះ អៀម ឡុច ភេទប្រុស អាយុ ២០ឆ្នាំ, ទី៤.ឈ្មោះ ណាង ណាវី ភេទ ប្រុស អាយុ១៩ឆ្នាំ, ទី៥.ឈ្មោះ ខាត់ សួរ ហៅសង្ហា ភេទប្រុស អាយុ១៨ឆ្នាំ, ទី៧.ឈ្មោះ មឿន ខី ភេទប្រុស អាយុ១៨ឆ្នាំ, ទី៨.ឈ្មោះ ជិន ណាវី ភេទប្រុស អាយុ២៩ ឆ្នាំ។ជនជាប់ចោទត្រូវបានលោក ខាំ សុផារី តំណាងអយ្យការចោទប្រកាន់ពីបទឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈប្រព្រឹត្តនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២០៥នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការពេញមួយព្រឹកនេះ អង្គសវនាការបានធ្វើការសាកសួរដេញដោលលើជនជាប់ចោទចំនួន៣នាក់សិនប៉ុណ្ណោះ ដោយរួមមានឈ្មោះ ណាង ណាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតខេត្តព្រៃវែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។ ជនជាប់ចោទបានបដិសេធគ្រប់ ចម្លើយនៅដំណាក់កាលនគរបាលយុត្តិធម៌ដំណាក់ កាលតំណាងអយ្យការនិងចៅក្រមស៊ើបសួរ។ ជនជាប់ចោទបានអះអាងថា ឈ្មោះ ព្រៃ សុកឡាក់ ជាអ្នកលួងលោមឱ្យខ្លួនឆ្លើយ និងមានការវាយបង្ខំពីនគរបាល ឱ្យឆ្លើយសារភាពតាមដែលគេចង់បាន។

ទី២.ឈ្មោះ ព្រៃ សុកឡាក់ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរយាមឃ្លាំង មានស្រុក កំណើតខេត្តកំពង់ចាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ ជនជាប់ចោទបានបដិសេធថា ខ្លួនមិនដែលបានបង្គាប់ឈ្មោះ ណាង ណាវី ឱ្យឆ្លើយសារភាពថា បានរំលោភនារីរងគ្រោះទេ។ ជនជាប់ចោទបានបន្តថា ខ្លួនបានឃើញ ជនជាប់ចោទដទៃទៀតផឹកស៊ីក្បែរកន្លែងខ្លួនឃាមឃ្លាំង ក្រោយមកខ្លួនបានឮក្រុមនោះនាំគ្នាទៅយកស្រីមកដេក។ លុះព្រឹកថ្ងៃបន្ទាប់ខ្លួនក៏ប្រទះឃើញសាកសពស្ត្រីម្នាក់ស្លាប់ដោយគេរំុអង្រឹង ចោលក្នុងដីឡូត៍មួយកន្លែងជិតឃ្លាំងដែលខ្លួនឃាមក្រោយមកខ្លួនបានទូរស័ព្ទទៅនគរបាលឱ្យមកពិនិត្យ។

ទី៣.ឈ្មោះ អៀម លុច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មាន ស្រុកកំណើតខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។ ជនជាប់ចោទបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ជនជាប់ចោទបានឆ្លើយថា ឈ្មោះ ព្រៃ សុកឡាក់ បង្គាប់ឱ្យឆ្លើយថា ខ្លួនពិតជា
បានរំលោភនារីរងគ្រោះនៅក្រោយវត្តអង្គតាមិញកាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥មែន ដោយមាននគរបាលវាយឱ្យឆ្លើយផងដែរ ។

ជនជាប់ចោទបាន និយាយថា នៅយប់កើតហេតុខ្លួនបាននាំគ្នាផឹកស៊ីនៅហាងខារ៉ាអូខេនិងមកផឹកបន្តនៅកន្លែងធ្វើការទៀត។ ទោះជាយ៉ាងណាសវនាការមិនទាន់
បានបិទបញ្ចប់ការសាកសួរដេញដោលនោះទេ ដោយលោក កែវ មុនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះបានសម្រេចលើកពេលទៅបន្តនៅពេលក្រោយ៕ ហេង នរិន្ទ្រ

05_16_2016_11_47_02index