ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះកាន់តែក្តៅ រវាងតារាសម្តែង ណាក់ ស្រីណា នឹងថៅកែផលិតកម្មមហាហង្ស

ភ្នំពេញ៖ សារដ៏ក្តៅគគុកឆ្លើយឆ្លងគ្នារវាង ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេហ៍កញ្ញា ណាក់ ស្រីណា និងថៅកែផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានផ្ទុះឡើងក្រោយពេលតារាស្រីរូបនេះ បានបង្ហោះជាសាធារណៈថា ផលិតកម្មមហាហង្ស បានជំពាក់ថ្លៃសម្ដែងរបស់នាងរហូតដល់ចំនួន២ពាន់ដុល្លារ ដោយជំពាក់ប្រមាណជាមួយឆ្នាំមកហើយ ពោលគឺតាំងពីភាពយន្តដែលនាងសម្ដែងអោយត្រូវបានបញ្ចប់ ។ ជម្លោះនេះកាន់តែឡើងកម្តៅក្រោយពេលដែលផលិតកម្មលើកឡើងថាដោយសារតែអ្នកទិញអត់មានលុយអោយលោក តាមការកំណត់ ទើបមានការពន្យារពេលដាក់ផ្សាយមកទល់ពេលនេះ ។

ផ្តើមដោយការរិះគន់ចំៗកញ្ញា ណាក់ ស្រីណា បានអះអាងថា នេះជាមេរៀនទី១ក្នុងជីវិតជាអ្នកសម្ដែងរបស់នាង ហើយនាងបញ្ជាក់ថា នេះគឺជា បំបាក់ទឹកចិត្តចំពោះអ្នកសិល្បករមួយដ៏ធំ ដោយនាងបញ្ជាក់ថា ការព្រមព្រៀង គឺថតចប់ប្រគល់លុយអស់ ដោយមិនមែនមួយឆ្នាំមកហើយនៅតែស្ងាត់ ហើយមិនអើពើក្នុងការដោះស្រាយនោះទេ ។

មិនបានមួយថ្ងៃក្រោយពីសារព័ត៌មានបានដកលស្រង់សម្តីនាងមកចុះផ្សាយស្រាប់តែលេចប្រតិកម្មពីលោក អ៊ិន សុភិនថាហេតុផលដែលតារាសម្ដែងកញ្ញា ណាក់ ស្រីណា មិនទទួលបានតម្លៃថតនៅសល់ចំនួន២ពាន់ដុល្លារ ក្រោយពេលថតចប់ មិនមែនជាកំហុសរបស់ផលិតកម្មរបស់លោកនោះទេ ប៉ុន្តែគឺកំហុសរបស់អតិថិជនរបស់លោកដែលជាអ្នកស្នើអោយលោកផលិតរឿង មរតកចុកឈាមៗ ហើយតម្រូវអោយលោកជ្រើសយកនាងអោយធ្វើជាតួឯកប៉ុណ្ណោះ ។ លោកថ្លែងបញ្ជាក់ថា ក្រោយពេលផលិតចប់ អតិថិជនរបស់លោកមិនបានប្រគល់លុយអោយលោកតាមការកំណត់ ទើបលោកត្រូវតែបង្កកតម្លៃនៅសល់របស់នាងដូចគ្នា ។

លោកនិយាយថា «ខ្ញុំមិនអត់២ពាន់ដុល្លារអោយគាត់(ណាក់ ស្រីណា)ទេ ប៉ុន្តែអោយខ្ញុំអោយយ៉ាងមិច បើអ្នកដែលតម្រូវអោយខ្ញុំយកគាត់សម្ដែង មិនទាន់មានលុយអោយខ្ញុំគ្រប់ផងហ្នឹង ចឹងខ្ញុំមានលុយណាបើកអោយគាត់!» ។ លោកបង្ហើបថា អ្នកទិញភាពយន្តមួយនេះរបស់លោក នៅខ្វះប្រមាណជិត២ម៉ឺនដុល្លារទៀត ទើបមានសិទ្ធិបញ្ចាំងរឿង ទើបលោកត្រូវតែបង្កកថវិកាកញ្ញា ណាក់ ស្រីណា ដែលជាតារាជម្រើសដោយអតិជននោះ ជាការត្រលប់វិញ ។ ក្នុងនោះលោកក៏បានទម្លាយថា មិនមែនមានតែកញ្ញា នោះទេ ដោយផលិតកម្មមហាហង្សជំពាក់លុយមិនទាន់បើកថ្លៃសម្ដែងអោយ គឺតារាមួយចំនួនផ្សេងទៀត ក៏មានផងដែរ ដោយសារតែតារាទាំងនោះក្នុងពេលកុងត្រាគឺអោយមួយអាទិត្យ៣ថ្ងៃ ឬ២ថ្ងៃ តាមអ្វីដែលបានព្រមព្រៀង ប៉ុន្តែដល់ពេលចេញថតគឺសុំថ្ងៃណាក៏រវល់ដកឃ្លាមិនបាន ហើយនៅពេលចុះថតទៀតសោត គឺណាត់ម៉ោង៧ មកម៉ោង១០ ហើយទារទៅមុនរហូត ធ្វើអោយការផលិតរបស់លោកយឺតយ៉ាវ និងមានបញ្ហាជាមួយប៉ុស្តិ៍ទូរទស្សន៍មិនឈប់ ដល់ថ្នាក់ទូរទស្សន៍ខ្លះមិនបើកលុយអោយលោកក៏មាន ។

ការថ្លែងនេះដែរក៏បានធ្វើឲ្យតារាស្រីស្រគត់ស្រគំណាក់ ស្រីណា ថ្លែងតបយ៉ាងរហ័សដោយចាត់ទុកការបកស្រាយរបស់លោកអ៊ិន សុភិនថាជាហេតុផលដែលគ្មានការទទួលខុសត្រូវលើការងារ ព្រមទាំងប្រើល្បិចពិសពុលកេងប្រវ័ញលើកំលាំងពលកម្មមនុស្សជាច្រើនអ្នកព្រោះតែប្រយោជន៍របស់ខ្លួន ។ គ្រាដែលនាងធ្លាប់បានបំពេញការងារជូនក្រុមហ៊ុនរបស់លោកតាមតួនាទី និងកិច្ចសន្យាការងារតាមលក្ខខណ្ឌហើយក៏មិនមែនជារឿងដែលលោកទៅយកអតិថិជនមកពាក់ពន្ធ័ហើយដោះសារយករួចខ្លួននោះទេ ។

នាងថាគេជាភ្ញៀវរបស់លោកគេមានសិទ្ធជ្រើសរើសតួ តែសំខាន់លោកឯង(អ៊ិន សុភិន)ជាអ្នកចរចារតំលៃជាមួយតួដូច្នេះលោកត្រូវមានទំនួលខុសត្រូវមកលើតួរ ។ នាងក៏មិនបានទៅអង្វរក្រាបលន់តួខាងអតិថិជនរឺខាងផលិតកម្ម ឲ្យយកនាងធ្វើជាតួរឯកទេ ក៏ប៉ុន្តែលោក និងអតិថិជនជាអ្នកសំរេចដោយខ្លួនឯងចឹងលោកត្រូវមានំនួលខុសត្រូវចំពោះរឿងនេះ ។ នាងបានស្នើឲ្យផលិតកម្មមហាហង្សមេត្តាបញ្ឈប់នូវសកម្មភាពដែលជះផលអាក្រក់ខ្លាំង ដល់មនុស្សជាច្រើនអ្នកដែលគេមានបេះដូងបំរើសិល្ប:ដោយក្តីស្រលាញ់ហើយនាង ហើយនាងចង់កត់បទពិសោធន៍ដ៏ឈឺចាប់មួយនេះទុក និងជាសារដើម្បីផ្សព្វផ្សាយដល់បងប្អូនដទៃទៀតកុំឲ្យគេរងគ្រោះបន្ត ។

គួរបញ្ជាក់ដែរថា រឿង “មរតកចុកឈាម”បានប្រកាសដំណើរការចេញថតអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយគ្រោងនឹងធ្វើការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេហ៍ ប៉ុន្តែត្រូវបានខកខានក្រោមហេតុផលិតកម្មនៅមិនទាន់បានទទួលុយគ្រប់ពីស្នានីយទូរទស្សន៍ ៕ វឌ្ឍនា