ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះដីធ្លីអូសបន្លាយជាង១០ឆ្នាំរវាងបុរីកាំកូសុីធីនឹងពលរដ្ឋ៩គ្រួសារត្រូវបានលោករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំកម្លាំងចុះវាស់វែង

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ គេបានឃើញរថយន្តជាច្រើនគ្រឿងសុទ្ធសឹងតែស៊េរីទំនើបៗរួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងមន្ត្រី ជំនាញពាក់ព័ន្ធជាច្រើនទៀតបានមកជួបជុំគ្នានៅលើចិញ្ចើមផ្លូវ ខ្លះនៅក្រោមដើមឈើដែលធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំង។ ប៉ុន្តែកម្លាំងទាំងនោះត្រូវបាន បញ្ជានិងដឹកនាំផ្ទាល់ពីលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដោយមានការ ចូលរួមពីលោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីចុះប្រតិបត្តិការត្រួតពិនិត្យកំណត់ព្រំដីឲ្យបានច្បាស់លាស់ក្នុងការរកយុត្តិធម៌ជូនប្រជាពលរដ្ឋមានដីនៅតំបន់នោះដែលជាម្ចាស់ដើម បណ្តឹងបានបាត់បង់ដីធ្លីអស់រយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ ។

ទីតាំងបុរីកាំកូសុីធីដ៏ធំល្វឹងល្វើយហើយល្បីឈ្មោះដែលគ្រប់គ្រងដោយជនជាតិ កូរ៉េត្រូវបានមជ្ឈដ្ឋានទូទៅធ្វើការរិះគន់ជាបន្តបន្ទាប់ ព្រោះគ្មាននរណាម្នាក់ហ៊ានចូលក្បែរសូម្បីតែអាជ្ញាធរមានសមត្ថកិច្ចក៏ញញើតផងដែរ។ ផ្ទុយទៅវិញនៅពេលនេះសំណុំរឿងវិវាទដីធ្លីដែលអូសបន្លាយអស់ រយៈពេលជាច្រើនឆ្នាំត្រូវបានសើរើយក មកពិនិត្យឡើងវិញដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលជាម្ចាស់ដី ហើយនៅពេល នេះកណ្តាប់ដៃដែករបស់លោកទេសរដ្ឋ មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូប នីយកម្ម និងសំណង់ចាប់ផ្តើមបើកលើ ជម្លោះដីនេះហើយ ។

ទីតាំងដីដែលគណៈកម្មការចម្រុះចុះត្រួតពិនិត្យ និងវាស់វែងកំណត់ព្រំឲ្យបាន ច្បាស់លាស់នេះស្ថិតនៅក្នុងសង្កាត់ទួល សង្កែ២ ខណ្ឌឫស្សីកែវ ។

NKD-36x6_outline

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញកាលពីព្រឹកថ្ងៃទី១២ ខែតុលា អនុវត្តចាប់ពីម៉ោង៨និង៣០នាទីព្រឹកដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានជំនាញពាក់ព័ន្ធចុះវាស់ វែងទីតាំងដីវិវាទរបស់ប្រជាពលរដ្ឋចំនួន៩គ្រួសារជាមួយក្រុមហ៊ុនសួនកំណើនឈ្មោះ ចយ ដុកសុីត និងក្រុមហ៊ុនវើលសុីធី ស្ថិត នៅក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។

អ្នកស្រី គឹម ចន្នី អាយុ៥៣ឆ្នាំ ដែល តំណាងឲ្យឪពុកបង្កើតដែលបាត់បង់ដីក្នុងចំនួន៩គ្រួសារនោះបានរៀបរាប់ថា កាលពី ដើមឡើយតំបន់នេះជាព្រៃត្រែងមានការលិចទឹក ហើយគាត់បានអាស្រ័យផលដូច ជាដាំត្រកួន និងបន្លែផ្សេងៗ តែក្រោយមកមានការអភិវឌ្ឍក្រុមហ៊ុនបុរីកាំកូសុីធីក៏បានវាទីចាក់ដីរំលោភយកដីរបស់ពួកគាត់។ កាលពីជាង១០ឆ្នាំមុនបានប្រើកម្លាំងយ៉ាងច្រើនបង្ក្រាបទៅលើបងប្អូនប្រជាពលរដ្ឋ ខ្លះទៀតត្រូវបានចាប់ខ្លួនព្រោះតែជំទាស់ទៅលើដីនេះ។ ទីតាំងខាងលើបើតាមការរៀបរាប់ឲ្យដឹងពីអ្នកស្រី គឹម ចន្នី មាន ប្រហែលចំនួន៨ហិកតា ។

តែយ៉ាងណាគណៈកម្មការចម្រុះបាន ឲ្យប្រជាពលរដ្ឋទាំង៩គ្រួសារបង្ហាញឯក សារកម្មសិទ្ធិដីធ្លីរបស់ពួកគាត់ដើម្បីសមត្ថ កិច្ចជំនាញវាស់វែង និងយកទៅផ្ទៀងផ្ទាត់ ឯកសារដើមមុននឹងកំណត់ព្រំដីដើម្បីឲ្យ មានតម្លាភាព ៕ អរុណរះ