ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះហើយសង្គ្រាមស្នេហា ប្រពន្ធចុង ប្រពន្ធដើមរបស់មន្ត្រីអន្តោប្រវេសន៍ កក្រើកក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖ ជម្លោះរវាងស្ត្រីម្នាក់ជាប្រពន្ធដើម នឹងស្ត្រីម្នាក់ទៀត ជាប្រពន្ធចុង នៅក្នុងគ្លីនិកមួយកន្លែង ធ្វើឲ្យអ្នកជំងឺមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣៥នាទីរសៀល ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ គ្រាដែលស្រ្តីនាងជាប្រពន្ធដើម តាមទាន់ប្ដីរបស់នាងជូនស្រីកំណាន់ចិត្តមកព្យាបាលជំងឺខ្សោយបេះដូង (ដាក់សឺរ៉ូម) ។

សេចក្ដីរាយការណ៍ពីគ្លីនិកនិយាយថា មុនកើតហេតុ ដំបូង មានបុរសម្នាក់បានចូលទៅគ្លីនិក ដោយឲ្យគ្រូពេទ្យនៅទីនោះបណ្តោងសឺរ៉ូមកម្លាំងឲ្យស្ត្រីម្នាក់ ប្រហែលជាមួយសន្ទុះ ស្រាប់តែមានស្ត្រីម្នាក់ដោយ គេអះអាងថា នាងជាប្រពន្ធដើម ក៏ចូលមកតាមក្រោយ គ្រាដែលបុរសខាងលើកំពុងអង្គុយនិយាយជាមួយនាងដែលគ្លីនិកខាងលើបានបន្តោងសឺរ៉ូមឲ្យ ស្របពេលនោះ ជម្លោះក៏ផ្ទុះឡើងបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកពេទ្យ ព្រមទាំងអ្នកជំងឺ និងអ្នកធ្វើដំណើរនាំគ្នាឈរមើល និងស្ត្រីទាំង២នាក់ប្រតាយប្រតប់គ្នា កើតជាអំពើហិង្សា តែមិនបានធ្ងន់ធ្ងរ ខណៈបុរសជាប្ដី ក៏ដូចជាក្រុមគ្រូពេទ្យឃាត់ទាន់ពេល ដោយបុរសជាប្ដីបានចាប់អូសដៃនាងជាប្រពន្ធដើមចេញទៅបាត់ ទុកនាងជាស្រីកំណាន់ចិត្តនៅក្នុងគ្លីនិកខាងលើម្នាក់ឯង ។

ប្រភពច្បាស់ការណ៍ថា បុរសជាប្ដីដែលមានស្រីកំណាន់ ហើយប្រពន្ធតាមទាន់នោះ ឈ្មោះ ហួង អាយុប្រហែជាង៣០ឆ្នាំ ជានគរបាលអន្តោប្រវេស្តន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

ប្រភពបន្តថា ក្រោយពីបុរសខាងលើដឹកប្រពន្ធទៅបាត់មួយសន្ទុះ ស្រាប់តែនាងជាប្រពន្ធដើមបានជិះរថយន្តមកជាមួយឪពុក និងម្តាយទៅកាន់គ្លីនិកខាងលើម្តងទៀត ដើម្បីទៅបង្កជម្លោះម្ដងទៀត តែនាងជាស្រីកំណាន់របស់ប្ដីរួបនោះ ក៏ចេញពីគ្លីនិកទៅបាត់ ធ្វើម្ដាយឪពុក និងកូន ខឹងសម្បារយ៉ាងខ្លាំង ហើយបានផ្ទុះជម្លោះជាមួយម្ចាស់គ្លីនិកទៅវិញ ដោយចោទថា បានលាក់ទុកស្រីជាប្រពន្ធចុងរបស់ប្តីខ្លួននៅក្នុងបន្ទប់ ។

រួមទាំងចូលទៅក្នុងគ្លីនិករករឿងគ្រូពេទ្យដោយសុំឆែកផ្ទះ ដើម្បីរកស្ត្រីដែលគ្រូពេទ្យបណ្តោងសឺរ៉ូម ធ្វើឲ្យម្ចាស់គ្លីននិកខឹងសម្បារយ៉ាងខ្លាំង ដោយសារការចូលទៅគ្លីនិកនោះ ខ្វះសីលធម៌ ព្រោះខ្លួនជាមន្ត្រីមួយរូប ប្រើពាក្យសម្តីធ្វើឲ្យម្ចាស់គ្លីនិកទទួលយកមិនបាន ។

ចំណែកម្ចាស់គ្លីនិកលើកឡើងថា លោកទ្រាំមិនបាន ព្រោះសម្ដីគ្រួសារមួយនេះ មិនអាចទទួលយកបាន ទើបគាត់ទាក់ទងហៅកម្លាំងសមត្ថកិច្ចទៅកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ ទើបគ្រួសារមួយនេះ ព្រមចាកចេញទៅវិញ គ្រាដែលឃើញកម្លាំងសមត្ថកិច្ចមកដល់ ។

បុរសម្នាក់ជាឪពុកក្នុងគ្រួសារខាងលើនោះ ប្រភពបង្ហើបថា ឈ្មោះ នួន ចាន់សុភក្រ្ត ជានាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងជាឪពុកក្មេកបុរសម្នាក់ ឈ្មោះ ហួង ដែលប្រពន្ធតាមទៅរករឿងក្នុងគ្លីនិកខាងលើ ។ ជុំវិញជម្លោះក្នុងករណីស្នេហ៍ត្រីកោណនៅក្នុងមន្ទីរពេទ្យខាងលើនោះ អ្នកសារព័ត៌មានមិនអាចសុំការបកស្រាយបានឡើយ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង ៕ វណ្ណា