ព័ត៌មានទាន់ហេតុការណ៍៖

ជាងសំណង់នៅខេត្តកំពង់ធំចូលរួមប្រកួតស្នាដៃគ្នារៀបចំដោយ អេសស៊ីជី

ខេត្តកំពង់ធំ៖ ជាងសំណង់ចំនួន ១២ រូបមកពីខេត្តកំពង់ធំ និងកំពង់ចាម បានចូលរួមនៅក្នុងការប្រកួតជុំជម្រុះថ្នាក់តំបន់ នៃកម្មវិធីប្រកួតជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) កាលពីពេលថ្មីៗ ហើយក្នុងនោះជ័យលាភី ដែលជាប់វគ្គជម្រុះ មានសិទ្ធិចូលរួមនៅក្នុងការប្រកួតថ្នាក់ជាតិ ដែលនឹងប្រារព្វឡើងនៅចុងឆ្នាំនេះ។

បេក្ខជនត្រូវបានបែងចែកជា ៦ ក្រុម ដែលមួយក្រុមមានគ្នាពីរនាក់ ដោយត្រូវប្រកួតលើផ្នែកបូកស៊ីម៉ង់ត៍។ ការប្រកួតនេះបានធ្វើឡើងនៅឯដេប៉ូសំណង់ គីវ អៀង ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនអេសស៊ីជីប្រចាំខេត្តកំពង់ធំ។

អ្នកស្រី គីវ ម៉េងលី ដែលជាអ្នកគ្រប់គ្រងដេប៉ូសំណង់ គីវ អៀង បានថ្លែងថា៖ “ខ្ញុំគិតថា ការប្រកួតជាងសំណង់នេះគឺល្អខ្លាំង ដែលក្រុមហ៊ុនអេសស៊ីជីបានសហការជាមួយក្រសួងការងារ ក្នុងការបណ្ដុះបណ្ដាលជាងឲ្យមានសមត្ថភាពកាន់តែខ្ពស់ និងអាចរកប្រាក់ចំណូលបានច្រើនជាងមុនផងដែរ។ …ខ្ញុំសូមជូនពរជាងដែលចូលរួមប្រកួតថ្ងៃនេះឲ្យគាត់បានជោគជ័យក្នុងការប្រកួត ហើយមានឱកាសទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញនាចុងឆ្នាំនេះផងដែរ។”

ការប្រកួតនេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ផ្ដួចផ្ដើមដោយក្រុមហ៊ុនអេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ជាងសំណង់លើការងារបូកស៊ីម៉ង់ត៍ និងការងារប្រក់ដំបូល ដែលការបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈពីរកន្លែងគឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ (CTSDI)។

លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានមានប្រសាសន៍ថា៖ “តាមរយៈការប្រកួតទាំងនេះ យើងមានក្តីសោមនស្សរីករាយ ដែលបានចូលរួមបង្កើនជំនាញយ៉ាងច្រើនដល់ជាងសំណង់ បន្ទាប់ពីពួកគាត់បានចូលរួមវគ្គបណ្ដុះបណ្ដាលក្រោមកម្មវិធីរបស់ក្រុមហ៊ុន។ យើងសង្ឃឹមថា ជាមួយនឹងការកើនឡើងនូវជំនាញនេះ ពួកគេនឹងមានឱកាសច្រើនក្នុងការប្រកបអាជីពរបស់ខ្លួន ហើយអាចរកប្រាក់ចំណូលបានកាន់តែច្រើនថែមទៀត។”

លោកបានបន្ថែមទៀតថា៖ “ការរីកចម្រើននូវជំនាញរបស់ជាងសំណង់ គួបផ្សំនឹងផលិតផល និងសម្ភារសំណង់ថ្មីៗ ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្ន ជាពិសេសគឺផលិតផល និងសម្ភារសំណង់ដែលមានគុណភាពពីអេសស៊ីជី មានន័យថា បទដ្ឋាន និងគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជានឹងបន្តកើនឡើងជាប់ជានិច្ច។”

ការប្រកួតជម្រុះថ្នាក់តំបន់សម្រាប់ផ្នែកបូកស៊ីម៉ង់ត៍ កំពុងត្រូវបានរៀបចំនៅតាមបណ្ដាខេត្ត និងទីក្រុងនានាទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះ ជ័យលាភីពីវគ្គជម្រុះតាមខេត្ត នឹងចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជី នៅរាជធានីភ្នំពេញ នាចុងឆ្នាំនេះ។

ក្នុងនោះ ជាងសំណង់ប្រើប្រាស់ផលិតផលមានគុណភាពខ្ពស់ គឺស៊ីម៉ង់ត៍ ខេ-ស៊ីមេន របស់អេសស៊ីជី សម្រាប់ការប្រកួតផ្នែកបូកស៊ីម៉ង់ត៍ ហើយប្រើប្រាស់ក្បឿងអេសស៊ីជីក្នុងការប្រកួតប្រក់ដំបូល។ រាល់បេក្ខជនដែលចូលរួមនឹងទទួលបានវិញ្ញាបនប័ត្រពីកម្មវិធីបណ្ដុះបណ្ដាល ហើយក្រុមដែលទទួលជ័យជំនះសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងទទួលបានរង្វាន់ជាទឹកប្រាក់ ២ លានរៀល និងបានចូលរួមក្នុងដំណើរទស្សនកិច្ចអប់រំទៅកាន់ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជីផងដែរ។

ជ័យលាភីក្នុងការប្រកួតនៅឯខេត្តកំពង់ធំបានទៅលើក្រុមលោក ខាន់ តូ និង សេង សំណាង។

លោក ខាន់ តូ បានថ្លែងថា៖ “នៅពេលយើងឈ្នះ យើងមានអារម្មណ៍រំភើបសប្បាយចិត្តណាស់។ ទៅថ្ងៃអនាគត សង្ឃឹមថា ខ្ញុំនឹងក្លាយជាមេជាងដ៏ធំមួយប្រចាំខេត្តកំពង់ធំនេះ។ ខ្ញុំនឹងសូមផ្ដាំផ្ញើដល់ពុកម៉ែមីងមានៅខេត្តកំពង់ធំហ្នឹងសូមជួយគាំទ្រជាងតូផង ។ ជាងតូនឹងខំប្រឹងជួយធ្វើផ្ទះឲ្យកាន់តែស្អាតឥតខ្ចោះ។” បន្ថែមលើការប្រកួត និងការបណ្ដុះបណ្ដាលជាងសំណង់ ក្រុមហ៊ុនអេសស៊ីជី ក៏បានដាក់ឲ្យប្រើប្រាស់នូវសេវាកម្មផ្គូផ្គងជាងសំណង់ ដែលជួយឲ្យម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងអាចស្វែងរកជាងសំណង់បានកាន់តែងាយស្រួលជាងមុន តាមរយៈការទូរស័ព្ទទៅកាន់ការិយាល័យព័ត៌មានរបស់អេសស៊ីជី លេខ ០៩៥-៩៩៩-៥០០ ឬចុះឈ្មោះនៅលើគេហទំព័ររបស់អេសស៊ីជី www.scgbuildingmaterials.com/contractor-matching ។

អេសស៊ីជីបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កម្ពុជាកាលពីខែកុម្ភៈ ឆ្នាំនេះ ដោយសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ផលិតផល និងសម្ភារសំណង់ថ្មីៗ ឲ្យបានត្រឹមត្រូវ។ កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់អេសស៊ីជីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍យូរអង្វែងរបស់ប្រទេសកម្ពុជា តាមយៈកម្មវិធីបណ្ដុះបណ្ដាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់ ៕ វឌ្ឍនា