ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់ឌុបគ្នាត្រូវរថយន្តបុកពីក្រោយស្លាប់ប្រពន្ធ ឯប្តីរបួសស្រាល

ខេត្តបាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ រវាងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុក អ្នកជិះកង់ឌុបគ្នា២នាក់ បណ្ដាលឲ្យស្លាប់ស្រី្តម្នាក់ជាប្រពន្ធនិងប្តីរងរបួសស្រាល ស្ថិតលើផ្លូវជាតិលេខ៥៧B ក្រុមទី១ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មន្ត្រីនគរបាលចរាចរស្រុកសំពៅលូនបានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ ថៃ ឡេង ភេទប្រុស អាយុ៣៧ឆ្នាំ (របួសស្រាល)ត្រូវជាប្តី និងទី២ឈ្មោះ ខាន់ សោ ភេទស្រី អាយុ៤៤ឆ្នាំ (ស្លាប់) អ្នកទាំង២ស្នាក់នៅត្រង់ចំណុចអូរស្ងាត់ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

NKD-36x6_outline

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីខាងរថយន្តបង្កមិនស្គាល់ម៉ាកនិងស្លាកលេខមួយគ្រឿងបានធ្វើដំណើរស្របទិសគ្នាជាមួយនឹងកង់ជនរងគ្រោះ។ លុះមកដល់ចំណុចកើតហេតុជាកន្លែងងឹត រថយន្តនោះ បានជ្រុលចង្កូតមកបុកភាគីជិះកង់ពេញទំហឹងបណ្តាលឲ្យស្លាប់ប្រពន្ធនៅកន្លែងកើតហេតុ និងប្តីរបួសស្រាលម្នាក់ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាម ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរ ស្រុកសំពៅលូនទៅដល់វាស់វែង និងបានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី