ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូកញ្ចាស់ទៅឆក់ទូរស័ព្ទរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចក បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាចោរឆក់និងលួចកាច់ក.ម៉ូតូយ៉ាងសកម្ម បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងពីស្ត្រីម្នាក់បានសម្រេចហើយ ព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែដោយសារម៉ូតូកញ្ចាស់ជិះគ្នា៣នាក់មិនចង់ទៅមុខ បណ្ដាលឲ្យបុករថយន្តមួយគ្រឿងដួល ភ្លាមនោះកម្លាំងល្បាតនៅក្បែរជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។

ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៨៤ កែងនិងផ្លូវលេខ ៦៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនមានទី១-ឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ ,ទី២-ឈ្មោះ ង្វៀង ទ្រីមីលិន ភេទទី៣ (ស្រីធ្វើ ប្រុស) អាយុ ២២ឆ្នាំ ,និងទី៣-សរ រក្សា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំខាងក្រោយពេទ្យកាល់ម៉ែត ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។ចំណែកឯនារីរគ្រោះមានឈ្មោះ ឆេង ចិន្តា អាយុ ៣១ឆ្នាំ មុខរបជាបុគ្គលិក បម្រើការ ងារនៅក្នុងហាងម្ហូបចិនមួយកន្លែង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្រ្តីដដែរបន្តទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរចេញពីកន្លែងធ្វើការរបស់នាងបំណងទៅផ្ទះវិញ ដោយដើរបណ្ដើរនិយាយទូរស័ព្ទបណ្តើរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យមួយក្រុមមានគ្នា ៣នាក់ នាំគ្នាជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AI-៥៤១៤ មួយគ្រឿង មកធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃរបស់នាងបានសម្រេចតែម្តង ។ ភ្លាមនោះនាងក៏ស្រែកឆោឡោឡើងធ្វើឲ្យពួកគេភ័យក៏ជិះ ម៉ូតូទៅបុកនិងរថយន្តមួយគ្រឿង បណ្តាលឲ្យដួលគាប់ជួនកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះនាំគ្នាចាប់ក្របួចជាប់ទាំង៣នាក់ រួមទាំងវត្ថុតាងផងដែរ ។

ក្រោយកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង មកកាន់នគរបាលប៉ុស្តិ៍ស្រះចក ដើម្បីសាកសួរ និងកសាងសុំណំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញចាត់ការទៅតាមច្បាប់ ។ ចំណែកទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងប្រគល់ឲ្យទៅជនរងគ្រោះវិញ ៕ស តារា