ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងជិះបត់ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿង និងបន្ដទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យមនុស្សស្រី២នាក់ទទួលរងរបួសធ្ងន់ និងមនុស្សប្រុសម្នាក់របួសស្រាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខដេប៉ូលក់គ្រឿងសំណង់ យីហោ នាង ស្រីមុំ លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1N-6687 ជិះដោយជនមិនស្គាល់អត្តសញ្ញាណ (រងរបួសស្រាលទៅមន្ទីរពេទ្យដោយខ្លួនឯង) ។ ចំណែកភាគីម៉ូតូមួយគ្រឿងទៀតម៉ាកម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1K-0275 ជិះដោយឈ្មោះ សាត ស្រីទូច ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ) ។

ក្នុងហេតុការណ៍នោះដែរ ម៉ូតូបង្កក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកCHALY ពណ៌ស ពាក់ស្លាកលេខ ប.4060ភ.ព1ជិះដោយឈ្មោះ ជឹម ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង (រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅគ្លីនិកសុខលាភមេត្រី) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញអ្នកជិះម៉ូតូបង្កម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល1N-6687 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុ ម៉ូតូបង្កបានបត់ឆ្វេងឆ្លងផ្លូវ ក្នុងទិសដៅទៅលិច ដោយពុំបានប្រុងប្រយ័ត្ននោះទេ ភ្លាមនោះក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ កណ្តាល1K-0275 ជិះដោយឈ្មោះ សាត ស្រីទូច ភេទស្រី ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ កណ្តាល1K-0275ដួលបោកទៅនឹងផ្លូវរងរបួសបួសធ្ងន់ ក្នុងហេតុការណ៍នោះផងដែរ ម៉ូតូបង្កក៏បានជ្រុលទៅបុកម៉ូតូម៉ាកCHALY ជិះដោយឈ្មោះ ជឹម ស្រីមុំ ភេទស្រី ដែលធ្វើដំណើរពីត្បូងមកជើង បណ្ដាលឲ្យដួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានដឹកយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ និងជនរងគ្រោះរបួសធ្ងន់ម្នាក់ទៀត ត្រូវបានក្រុមគ្រួសារយកទៅព្យាលបាលនៅគ្លីនិកសុខលាភមេត្រី ។ ដោយឡែកមធ្យោបាយទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះធ្វើការវាស់វែងនិងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ គឺបណ្ដាលមកអ្នកជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ កណ្តាល1N-6687 ជិះដោយជនមិនស្គាល់អត្ដសញ្ញាណ ជិះមិនគោរពសិទ្ធិអាទិភាព និងខ្វះការប្រុងប្រយ័ត្ន ទើបបានជាមានហេតុការណ៍គ្រោះថ្នាក់កើតឡើងបែបនេះ ៕ ស្អាងជ័យ