ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលឲ្យរថយន្ដបុកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវធ្វេសប្រហែសមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្ដមួយគ្រឿងបើកក្នុងល្បឿនលឿនបុកពេញមួយទំហឹង ស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ទេព សាវន័ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែកឯរថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9652 បើកបរដោយឈ្មោះទូច សំណាង ភេទប្រុស អាយុ42ឆ្នាំ មានទីលំនៅភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី រួមដំណើរជាមួយមានគ្នា៨នាក់ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវ ។ លុះជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ខណៈដែលឆ្លងផ្លូវនោះជនរងគ្រោះមិនបានមើលគ្រប់ជ្រុងជ្រោយនោះទេ ស្របពេលដែលរថយន្ដកំពុងធ្វើដំណើរដោយល្បឿលឿនក៏បុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះធ្វើការអន្ដរាគមន៍ឃាត់រថយន្ដទុក រួចត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ