ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដេញគប់រថយន្តតាក់ស៊ីបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នា ដកខ្សែក្រវ៉ាត់ និងរើសដុំថ្មដេញគប់រថយន្តតាក់ស៊ីក្រហម បណ្តាលឱ្យបែកកញ្ចក់មើលក្រោយ ។ ដោយភ័យស្លន់ស្លោពេក ពួកគេចាប់ហ្វ្រាំងម៉ូតូបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អើលនៅចំណុចមុខហាងលក់ម៉ូតូ សុខហេង តាមបណ្តោយផ្លូវលេខ១៦​៣ កែងនឹងផ្លូវ​លេខ២៣២ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីវេលាម៉ោង១នឹង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ ។

អ្នកបើក​រថយន្តតាក់ស៊ី​បានឱ្យដឹ​ងថា នៅ​មុនពេល​កើតហេតុខ្លួ​នបានបើករថ​យ​ន្ត​តាមបណ្តោយផ្លូ​វលេខ​១៦៣ ទិស​ដៅពីជើងទៅ​ត្បូង លុះ​មកដល់ចំណុច​រង្វង់មូល​វត្តសំ​ពៅមាស ស្រាប់តែ​មានយុវជន២នា​ក់ ជិះម៉ូតូ នាំគ្នាទាញខ្សែក្រវ៉ាត វាយ និងយកដុះថ្មគប់កញ្ចក់រ​ថយន្តរបស់ខ្លួន បណ្តាលឱ្យបែកកញ្ចក់មើលក្រោយខាងឆ្វេងតែម្តង ។

ប្រភពបន្តថា ឃើញដូច្នេះរូបគាត់ បានអែបរថយន្តចូលកៀន ប៉ុន្តែក្រុមយុវជនទាំង២នាក់ទំនងជាមិនអស់ចិត្ត បានបត់ម៉ូតូមក ក្នុងបំណងវាយកម្ទេចលើរថយន្តរបស់គាត់ម្តងទៀត ប៉ុន្តែដោយប្រញាប់ប្រញាលខ្លាំងពេក ព្រមទាំងមានការភ័យខ្លាចផងនោះ ទើបធ្វើឲ្យពួកគេចាប់ហ្វ្រាំងបូមដួលម៉ូតូបោក ជាមួយថ្នល់បណ្តាលឱ្យរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចដែលយាមកាមនៅជិតកន្លែងកើតហេតុបានសាកសួរយុវជនខាងលើទើបដឹងថា មានរថយន្តមួយគ្រឿងបានដេញបុកពួកគេ ប៉ុន្តែពួកគេមើលមិនច្បាស់ លុះដល់ពេល ឃើញរថយន្តតាក់ស៊ីខាងលើ ស្មានថាជារថយន្តដែលជិះបុកពួកគេនោះ ទើបនាំគ្នាដេញវាយ និងយកដុំថ្មគប់តែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា ភាគីទាំងសងខាងបានសម្របសម្រួលគ្នា ព្រោះជារឿងយល់ច្រឡំ ហើយ ភាគីខាងយុវជនសុខចិត្តសងថ្លៃខូចខាតកញ្ចក់រថយន្តតាក់ស៊ី១០០ដុល្លារទៅឲ្យអ្នកបើកបរតាក់ស៊ីដើម្បីបញ្ចប់រឿង៕ ចាន់ ធឿន

ddss