ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាបុកគោយន្តកន្រ្តៃបញ្រ្ចាសទិសរបួសធ្ងន់ ២នាក់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ យុវជនចំនួន ២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ក៏បានជ្រុលបុកជាមួយគោយន្តកន្រ្តៃ នៅគ្រាដែលធ្វើដំណើរច្រាស់ទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង០៥នាទី យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបានឲ្យដឹងថា មុនដំបូងគេឃើញយុវជនចំនួន ២នាក់ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១០ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 2278 បើកបរដោយឈ្មោះ ម៉ោត បណ្ឌិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរដោយឈ្មោះ រី សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្កាញ់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយគោយន្តកន្រ្តៃដឹកមនុស្សទៅបុណ្យនៅវត្តពេញទំហឹង នៅគ្រាដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យដួលរងរបួសរដូករណែលតែម្ដង ចំណែកគោយន្តកន្រ្តៃនគរបាលឃាត់ទុក(ម្ចាស់រត់គេច)។

ប្រភពព័ត៌មានខាងលើបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងម៉ូតូ និងគោយន្តកន្រ្តៃរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោល រង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី ៕ ប៉ឹម ពិន