ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាក់ដៃចង្កូតគ្នារេទៅបុកថ្មើរជើងជើងរបួសធ្ងន់៥នាក់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស ស្រ្តី៥នាក់បានរងរបួសធ្ងន់ដូចគ្នា ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ដៃចង្កូតគ្នា រួចរេបន្តទៅបុកអ្នកកំពុងថ្មើរជើងម្នាក់ទៀត ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នានៅលើកំណាត់ផ្លូវកៅស៊ូ តាមបណ្ដោយមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងលិច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទាក់ដៃចង្កូតគ្នាខាងលើ បណ្ដាលឲ្យបុកបន្តថ្មើរជើងដួលរដូករណែល ៥នាក់ នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៧ នៅលើកំណាត់ផ្លូវកៅស៊ូ តាមមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងលិច ស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា គេឃើញបុរសម្នាក់ឈ្មោះ ហួន ណាំ អាយុ ៤៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិ ឃុំស្វាយលួង ស្រុកកណ្ដៀង ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL 0757 ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទិសខាងជើង លុះទៅដល់ចំណុចកើតហេតុក៍បានទាក់ដៃចង្កូតជាមួយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 3715 ដែលរួមទាំងអ្នករួមដំណើរផង ៣នាក់ ខណៈដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាពីជើងឆ្ពោះទៅទិសខាងត្បូង បណ្ដាលឲ្យម៉ូតូភាគីម្ខាងរេចង្កូតទៅបុកអ្នកកំពុងថ្មើរជើង ដួលរដូករណេលរងរបួសធ្ងន់ ៥នាក់យ៉ាងរន្ធត់។

លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបន្តថា ភ្លាមៗនោះរថយន្តសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ចេញទៅជួយអន្តរាគមន៍ដឹកជនរងរបួសមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកផងដែរ។

NKD-36x6_outline

លោក វរសេនីយ៍ត្រី បន្តទៀតថា ចំពោះវត្ថុតាងម៉ូតូទាំង ២គ្រឿងសមត្ថកិច្ចនគរបាលជំនាញយកទៅរក្សាទុក ដើម្បីរងចាំធ្វើការវាសវែង និងដោះស្រាយគ្នាតាមនីតិវិធី ចំណែកជនរងរបួសទាំងអស់បានបញ្ជូនមកសង្រ្គោះអស់ហើយដែរ ហើយមន្រ្តីជំនាញក៍នឹងកំពុងបន្តនីតិវិធីរកសាវតាជាតិនោះដែរ៕ ប៉ឹម ពិន