ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំ បុកម៉ូតូម្ខាងទៀតរបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុស ស្រី៣នាក់បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាដោយជិះមិនប្រកាន់ស្តាំ ក្នុងទិសដៅស្របគ្នា ចុះពីមុខពេញទំហឹងកាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៌ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៥០នាទីល្ងាច នៅចំណុចផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ម៉ូតូបង្កហេតុម៉ាក ហុងដា សង់ កូរ៉េ ពណ៌ ក្រហម​ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស្រី វែង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាខិន ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកភាគីម៉ូតូម្ខាងទៀត ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H 8298 បើកបរដោយឈ្មោះ គឹម ចន ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង និងអ្នករួមដំណើរម្នាក់ ឈ្មោះ ផាន់ ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរកម្មការិនី បច្ចុប្បន្នរស់នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសង់កូរ៉េ ពណ៌ ក្រហម​ គ្មានស្លាកលេខ ដោយធ្វើដំណើរពី លិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១លុះមកដល់ចំណុចកើតហេតុខាងលើ មិនប្រកាន់ស្ដាំស្រាប់តែទៅបុកនឹងម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1H 8298 ពីមុខក្នុងទិសដៅពីលិចទៅកើត ជិះគ្នា២នាក់បណ្ដាលឲ្យដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសទាំងសងខាងត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនិងធ្វើការវាស់វែងព្រមទាំងអូសយកមធ្យោបាយទាំងពីរគ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោលដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន