ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនគេចរថយន្តពីមុខ ធ្លាក់ស្នាមភ្លោះបោកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានបុរសម្នាក់ជិះម៉ូតូគេចរថយន្ត បណ្តាលឲ្យធ្លាក់ស្នាមភ្លោះផ្លូវដួលបោកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃ សុក្រ ៤ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នគរបាលចរាចរ ស្រុករលាប្អៀរ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តុប សំអៀរ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌។ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HD-0457 ក្នុងងល្បឿនលឿន ហើយពេលមកដល់កន្លែងកើតហេតុបានគេចពីរថយន្តមួយគ្រឿងបើពីមុខ បណ្តាលឲ្យម៉ូតូរេចង្កូតធ្លាក់ស្នាមភ្លោះដួលបោកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងតែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យនិងនាំយកម៉ូតូរក្សាទុកនៅនគរបាលប៉ុស្តិ៍រដ្ឋបាលរង់ចាំការដោះស្រាយប្រសិនបើមានការប្តឹងផ្តល់គ្នា។ ចំណែកសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ចន្ថា