ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុកបង្កាន់ស្ពានរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈពួកគេជិះម៉ូតូលឿនសង្ស័យស្រវឹង ជ្រុលបុកបង្កាន់ដៃស្ពាន​អាកាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ​ខែកញ្ញា ​ឆ្នាំ២០១៨ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកអ៊ិចហ្សិតទ័រ​ ពណ៍ខ្មៅ​លាយក្រហម​ ពាក់ស្លាកលេខភ្នំពេញ1HD 0434 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីត្បូងទៅជើងឡើងស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ពាក់កណ្តាលស្ពាន ក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ម្នាក់ ចំណែកអ្នកអង្គុយពីក្រោយរងរបួសស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានមិត្តភក្តិយកទៅរក្សាទុក ៕ សុខាសែនជ័យ