ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករថយន្តចតស្ងៀមបណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តហាយឡែនឌ័រ ដែលចតស្ងៀម កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខាងលិចចស្តុបទូតចិន តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR 7259 បើកបរដោយនគរបាលខណ្ឌចំកាមនមួយរូប ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់នៅលើគំនូសផ្លូវ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE 8277 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុកបញ្ចិតរថយន្តធ្វើឲ្យដួលទៅនឹងថ្នល់រងរបួសធ្ងន់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំកាមនរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ