ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករថយន្តចតស្ងៀមបណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូលឿនសង្ស័យស្រវឹងស្រាបានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រកំពុងឈប់ចតស្ងៀម បណ្តាលឲ្យបាក់ក ក្បាល ស្លាប់ភ្លាមនៅនឹងកន្លែង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅមុខសាលាប៊ែលធីអន្តរជាតិ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

តាមសាក្សីពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងមកឈប់ចតនៅកន្លែងកើតហេតុ ដោយអ្នកបើកបរកុងតឺន័រ ចុះហូបបាយឆារនៅម្តុំនោះ លុះក្រោយមក ជនរងគ្រោះខាងលើជិះម៉ូតូស្កុបពី ពណ៍ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AF-4473 ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យបែកក្បាល បាក់ក ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ដោយឡែក អ្នកបើកបររថយន្តកុងតឺន័រ ឃើញដូច្នេះ បានឡើងបើកកុងតឺន័រចេញបាត់ទៅ ។

ជនរងគ្រោះខាងលើ ត្រូវបានគេស្គាល់ឈ្មោះ អ៊ុន ប្រាចាក់ អាយុ ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

ក្រោយពេលកើតហេតុ នគរបាលជំនាញបានទៅដល់កន្លែងពិនិត្យ ស្វែងរកលេខតាមរយៈទូរស័ព្ទជនរងគ្រោះទាក់ទៅសាច់ញាតិ ឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ

image2

image1