ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ ចូលរួម​បុណ្យ​ បងប្អូន​ ជិត​ដល់​ផ្ទះ​ ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​

ចែករំលែក៖

​ខេត្តកណ្តាល​ ៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ជិះ​ម៉ូតូ​ជាមួយ​កូនប្រុស​ ត្រឡប់​មក​ពី​ចូលរួម​កម្មវិធី​ បុណ្យបច្ច័យបួន​បងប្អូន​នៅ​ឯ​ខេត្តតាកែវ​វិញ​ បាន​ជួប​គ្រោះ​អកុសល​ធ្លាក់​ពីលើ​ម៉ូតូ​របួស​ យ៉ាង​ធ្ងន់​រហូត​ស្លាប់​ ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​កោះធំ​ ។​
​ ​ករណី​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃអាទិត្យ​ ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវ​លេខ​១២-១៦​ ស្ថិត​ក្នុងភូមិ​ព្រែក​បិ​ ឃុំ​កោះធំ​(​ខ​)​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​ ​មន្ត្រី​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​នោះ​ មានឈ្មោះ​ ខុន​ ចំរើន​ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ រីឯ​កូនប្រុស​បង្កើត​ ជា​អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ​ ប៉ុន​ ចំណាប់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ ។​ ទាំង​២​នាក់​ម្តាយកូន​រស់នៅ​ក្នុងភូមិ​ព្រែក​បិ​ ឃុំ​កោះធំ​ (​ខ​)​ ស្រុក​កោះធំ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ វ៉េវ​ ធុន​សេ​១០០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ដ​.5507​ភ​.​ព​1​ ។​

​ ​យុវជន​ ប៉ុន​ ចំណាប់​ ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ខ្លួន​បាន​បើក​ម៉ូតូឌុប​ម្តាយបង្កើត​ត្រឡប់​មក​ពី​ចូលរួម​បុណ្យបច្ច័យបួន​បងប្អូន​នៅ​ឯង​ឃុំ​ កំពង់​រៀប​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ ដោយ​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្រាល​ កៅស៊ូ​លេខ​១២-១៦​ ក្នុង​ល្បឿន​មធ្យម​ ។​ ពេល​កំពុង​បើកបរ​នោះ​ខ្លួន​មាន​សភាព​ ងងុយដេក​ស្រវាំងភ្នែក​បើក​មិន​ចង់​រួច​ ទើប​បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ម្តាយ​ របស់​ខ្លួន​ដែល​កំពុង​រួម​ដំណើរ​ជាមួយ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​ត្រូវ​ជាមួយ​ដុំ​ថ្ម​របួស​យ៉ាង​ ធ្ងន់​ រីឯ​ខ្លួន​ក៏​រង​របួសស្រាល​ដែរ​ ព្រោះ​ម៉ូតូ​បាន​ដួល​បន្ទាប់​ពី​ធ្លាក់​ម្តាយ​រួច​មក​ ។​

​ ​អ្នកបើកបរ​ម៉ូតូ​បាន​បន្ត​ថា​ បន្ទាប់​ពី​មាន​ហេតុការណ៍​ភ្លាមៗ​ខ្លួន​នោះ​ដែរ​ ខ្លួន​បាន​ ក្រោក​ស្រែកហៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ជួយ​ទំនាក់ទំនង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ម្តាយ​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​កោះធំ​ តែ​ជា​អកុសល​ពេល​ទៅ​ដល់​មន្ទីរ​ ពេទ្យ​ម្តាយ​របស់​ខ្លួន​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ៕​ ស្អាង​ជ័យ​

Tong-leng005-(3)

Tong-leng005-(2)

Tong-leng005-(1)

Tong-leng005


ចែករំលែក៖