ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​ម៉ូតូ​​​​​លឿនទៅ​បុក​ដើម​អាកាស្យា​ស្លាប់​ម្នាក់​សន្លប់​​២​នាក់ដោយសារស្រវឹង

ខេត្តព្រះវិហារ ៖ កម្មករ៣នាក់ ស៊ីឈ្នួលនៅសិប្បកម្មកែច្នៃឈើមួយកន្លែង បានបាត់បង់ជីវិតម្នាក់នៅនឹងកន្លែងនិង២នាក់ទៀតសន្លប់ស្តូកស្តឹង ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខណៈជិះម៉ូតូលឿនទៅបុកដើមអាកាស្យាតាមដងផ្លូវជាតិលេខ៦២។ សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកលឿនខ្វះស្មារតីប្រុងប្រយ័ត្ន ក្នុងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុកដើមឈើតែម្ដង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅផ្លូវកោងចំណុចអូរពេន ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ព្រោះជនរងគ្រោះបើកបរម៉ូតូលឿន ទៅបុកដើមអាកាស្យានៅខាងឆ្វេងដៃ។

នគរបាលក្រុងព្រះវិហារបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១-ឈ្មោះរើន ភេទប្រុស (ស្លាប់) មានស្រុកកំណើតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ទី២-ឈ្មោះសល់ ភេទប្រុស រងរបួសធ្ងន់មានស្រុកកំណើតនៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី៣-ឈ្មោះពៅ ភេទប្រុស រងរបួសធ្ងន់បាក់ភ្លៅសងខាង មានស្រុកកំណើតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ជនរងគ្រោះទាំង៣នាក់ជាកម្មករនៅសិប្បកម្មកែច្នៃឈើ ស្ថិតនៅឃុំពោធិ៍ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ។

នគរបាលបន្តែមថា ម៉ូតូជនរងគ្រោះម៉ាកសេ១២៥ស៊េរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ១G៤៨២៩ រងការខូចខាតបាក់បែកច្រើនហើយក្រោយកើតហេតុក្រុមគ្រួសារបានមកទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតចំណែកអ្នករបួសបញ្ជូនទៅព្យាបាល៕ ដោយ៖សហការី

Untitled-14

Untitled-13

Untitled-12