ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺលើសឈាមធ្វើឲ្យស្ត្រីវ័យចំណាស់ម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ស្ត្រីវ័យចំណាស់ម្នាក់បានដេកស្លាប់ចោលប្ដី និងកូនយ៉ាងអាណោចអាធ័ម បង្ករអោយមានការភ្ញាក់ផ្អើលនៅថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១រំលងអធ្រាត្រ នៅភូមិពោធិ៍ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

មន្ត្រីនគរបាលស្រុកស្ទោងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ត ឈត ភេទស្រី អាយុ ៤៩ឆ្នាំ ស្នាក់នៅភូមិ/ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺពីឈ្មោះ មី ធារ៉ា ភេទ ប្រុស អាយុ ១៦ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានបញ្ជា់ថា: កន្លងមកម្តាយខ្លួនមានជម្ងឺ លើសឈាមហើយគាត់ លៀបថ្នាំគ្រាប់ជាប្រចាំ។ លុះដល់ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល១១និង៣០នាទី ពេលខ្លួនត្រឡប់មកពីរៀនវិញឃើញម្តាយដើរច្របាច់កញ្ចឹងក ដោយសួរថា ម៉ែកើតអី គាត់ប្រាប់ថា វិលមុខ និងងងឹតមុខឈឹងតែម្តង គាត់ប្រាប់ឲ្យខ្លួនទិញប្រេង កូឡា មកកោសខ្យល់ ពេលកោសរួចគាត់បានដេកនៅគ្រែក្រោមផ្ទះ។ នៅម៉ោងប្រហែល ២រសៀល ខ្លួនបានទៅរៀន រហូតដល់ម៉ោង ៨និង៣០នាទីយប់ ទើបត្រឡប់មកពីរៀនវិញ ឃើញម្តាយដេកលើផ្ទះ ហើយបានយកភួយដណ្តប់ឲ្យគាត់ ហើយដេកលង់លក់បាត់ លុះដល់ម៉ោងប្រហែល ៥និង៣០នាទីព្រឹក បងប្រុស បានស្រែកហៅ ឪពុកដែលដេកនៅក្រោមផ្ទះយ៉ាងខ្លាំង ភ្ញាក់ឡើងហៅម្តាយ តែគាត់បានស្លាប់បាត់ទៅហើយ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកំលាំងជំនាញស្រុក សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងសាច់ញាតិចុះទៅធ្វើការពិនិត្យសព ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ បណ្តាលមកពីជំងឺលើសឈាម ប្រាកដមែន ។ ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី​