ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចផ្ទះប្រជាពល រដ្ឋមួយចំនួននៅសង្កាត់លេខ៤ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក យន្ត មីន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៨ថា ភ្លៀងធ្លាក់ខ្លាំងតាំងពីព្រលឹម បណ្តាលឲ្យលិចតំបន់ទំនាបភាគច្រើនដូចជានៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ និង សង្កាត់លេខ៣ ខេត្តព្រះសីហនុ ។

លោកអភិបាលខេត្តបានបន្តថា ជំនន់ ទឹកភ្លៀងខាងលើមិនបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ។ ចំណែក ផ្លូវក៏មិនខូចខាតខ្លាំងដែរគ្រាន់តែពិបាកធ្វើដំណើរបន្តិចបន្តួចប៉ុណ្ណោះ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ក្រោយមានភ្លៀងធ្លាក់ខ្លាំងចាប់ តាំងពីព្រឹកព្រលឹមមកមានទឹកជំនន់ជន់ លិចនៅតាមតំបន់ទំនាបភាគច្រើនដូចជាក្នុងភូមិសាស្ត្រសង្កាត់លេខ៤ និងសង្កាត់ លេខ៣ជាដើម។ ផ្លូវទឹកមួយចំនួនដែល កកស្ទះកន្លងមកត្រូវបានអាជ្ញាធរ និងមន្ត្រី ជំនាញចាត់ចែងស្តារជាបន្តបន្ទាប់ដោយសង្ឃឹមថា ក្រោយភ្លៀងរាំងទឹកក៏អាចស្រកហូរអស់ពីផ្លូវ ឬកន្លែងដែលទឹកជន់លិច នោះវិញដែរ ។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះរដ្ឋបាលខេត្តព្រះសីហនុបានចាត់ចែងគ្រឿងចក្រចុះកាយស្តារបើកមុខផ្លូវទឹកតាមតំបន់មួយចំនួនដែលឧស្សាហ៍កើតមានការជន់លិចពេលមានភ្លៀងម្តងៗ ដូចជានៅផ្លូវ អិលវីក្នុងសង្កាត់លេខ៤ ម្តុំស្ពានអូរសំអាតនិងចំណុចអណ្តូងអ៊ុនតាក់ក្នុងសង្កាត់លេខ៣ ព្រមទាំងនៅតំបន់ទំនប់រលកជា ដើម ។

ជាមួយគ្នានេះអភិបាលក្រុងព្រះសីហនុ លោក អុី សុខឡេង ក៏បានអំពាវនាវឲ្យ ពលរដ្ឋចូលរួមបន្ថែមចំពោះបញ្ហានេះដូចជាការហាមឃាត់មិនឲ្យបោះសំរាមអនាធិបតេយ្យចូលក្នុងអូរ ឬប្រឡាយរំដោះទឹក និងហាមឃាត់ការចាក់ដីឬការសាងសង់សំណង់ផ្សេងៗលើដីចំណីអូរក្នុងក្រុងជាដើម ក្នុងនោះរដ្ឋបាលក្រុងព្រះសីហនុក៏បាន ប្រើវិធានការផ្លូវច្បាប់ចុះបង្ខំឲ្យអ្នកពាក់ព័ន្ធដែលសាងសង់ខុសច្បាប់ប៉ះពាល់ដីអូរឬប្រឡាយបង្ហូរទឹកឲ្យរុះរើចេញវិញផងដែរ៕ ហេង សូរិយា