ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងបន្តគំរាមកំហែងផ្លូវជាតិលេខ៤ក្រសួងជំនាញប៉ាន់ស្មានថា ខូចជាង៨៦គីឡូម៉ែត្រ

ខេត្តកំពង់ស្ពឺ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា តាមការសិក្សាជំហានដំបូងរបស់មន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញ ថា ជំនន់ទឹកភ្លៀងឆ្នាំនេះបានបំផ្លិចបំផ្លាញផ្លូវដែលគ្រប់គ្រងដោយក្រសួងសាធារណការអស់ប្រមាណជាង៨៦គីឡូម៉ែត្រ ហើយ បន្ទាប់ពីភ្លៀងរាំងមន្ត្រីជំនាញនឹងចុះជួស ជុលឡើងវិញភ្លាមៗ ។

លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍បែបនេះក្នុងឱកាសលោកដឹកនាំមន្ត្រីជំនាញ អមដំណើរដោយលោក វ៉ី សំណាង អភិ បាលខេត្តកំពង់ស្ពឺ និងលោក យន្ត មីន អភិ បាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីពាក់ ព័ន្ធជាច្រើនទៀតកាលពីព្រឹកថ្ងៃសុក្រ ៨ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៨ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវជាតិលេខ៤ ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ក្នុង រយៈពេលជំនន់ដោយសារទឹកភ្លៀងប៉ុន្មានថ្ងៃនេះផ្លូវជាតិលេខ៤ទទួលរងការលិច ចំនួន២កន្លែងមានប្រវែងប្រហែលជាង ៨០០ម៉ែត្រដោយបានផ្អាកមិនឲ្យរថយន្ត ដឹកទំនិញធ្ងន់ធ្វើចរាចរណ៍ជាបណ្តោះ អាសន្នដោយមានការសហការរវាងអាជ្ញាធរខេត្តកំពង់ស្ពឺនឹងព្រះសីហនុពិនិត្យជាក់ស្តែងដើម្បីរកដំណោះស្រាយ។ កន្លែងនេះ (ស្ពានស្ទឹងសំរោង)ស្ថិតក្នុងស្រុកកំពង់ សិលា ខេត្តព្រះសីហនុតែងតែលិចជារៀងរាល់ឆ្នាំកម្ពស់ត្រឹមតែ២តឹកប៉ុណ្ណោះប៉ុន្តែ ក្នុងរយៈពេល១០ឆ្នាំម្តងគឺលិចកម្ពស់ជាង១ម៉ែត្រ ។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ពេល នេះក្រសួងមានផែនការយកថវិកាដែល បានគ្រោងទុករបស់ធនាគារអភិវឌ្ឍន៍ពិភពលោកប្រមាណ១១០លានដុល្លារមកស្តារ ឡើងវិញនូវផ្លូវជាតិលេខ៤ដោយអ៊ុតកៅស៊ូលើកកម្ពស់ចំនួន៧កន្លែងលើកតួផ្លូវនេះឲ្យខ្ពស់ដើម្បីបញ្ចៀសការលិចលង់ និង ពង្រីកពី៧ម៉ែត្រទៅ១១ម៉ែត្រផងដែរ ។

លោកទេសរដ្ឋមន្ត្រីបន្តទៀតថា ចំពោះ ការដឹកទំនិញផ្សេងៗអាចធ្វើទៅបានតាមផ្លូវដែកពីខេត្តព្រះសីហនុទៅភ្នំពេញរហូតដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីចេញពីផ្លូវជាតិលេខ៤លោកនឹង បន្តដំណើរទៅពិនិត្យផ្លូវជាតិលេខ២, លេខ ៣, លេខ៣១ និងលេខ៣៣បន្តទៀត ។

លោក យន្ត មីន អភិបាលខេត្តព្រះ សីហនុបានថ្លែងថា ជំនន់ទឹកភ្លៀងឆ្នាំនេះ បានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសការផ្អាកបណ្តោះអាសន្នការធ្វើ ចរាចរណ៍ដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤នេះមានការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិធំណាស់ ព្រោះផ្លូវជាតិលេខ៤ជាសរសៃឈាមដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ពាក់ព័ន្ធជំនន់ទឹកភ្លៀងនេះ អាជ្ញាធរបានជូនដំណឹងភ្លាមៗទៅដល់ប្រជា ពលរដ្ឋ និងសាធារណជននិងតាមបណ្តាញសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម នានា ក្នុងនោះអាជ្ញាធរ សមត្ថកិច្ច កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយសង្គ្រោះពលរដ្ឋ ។

លោកអភិបាលខេត្តកំពង់ស្ពឺបានបន្តថា ពាក់ព័ន្ធការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ សំណូមពរដល់ក្រុមហ៊ុនរកស៊ីឯកជនមេត្តាកុំដឹកឲ្យលើសទម្ងន់ដើម្បីចូលរួមថែរក្សាផ្លូវជាតិរបស់យើងទាំងអស់គ្នា ។

លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹងជញ្ជូនបានបញ្ជាក់ ចុងក្រោយថា ផ្លូវជាតិនិងផ្លូវផ្សេងៗទៀត ដែលគ្រប់គ្រងដោយក្រសួងសារធារណការរងផលប៉ះពាល់ដោយសារជំនន់ទឹក ភ្លៀងមានប្រវែងប្រមាណជាង៨៦គីឡូ ម៉ែត្រហើយនឹងគ្រោងជួសជុលឡើងវិញ បន្ទាប់ពីភ្លៀងរាំង ។

នៅឯខេត្តកោះកុងវិញទឹកជំនន់នៅភូមិពោធិ៍បឹង និងភូមិបាក់អង្រុតបានស្រកចុះប្រហែល០,៨ម៉ែត្រតែការស្រកមានល្បឿន យឺតដោយទឹកភ្លៀងនៅតែបន្តធ្លាក់។ ចំណែកឯភូមិព្រះអង្គកែវទឹកមានការកើនឡើងដោយសារតែទឹកហូរមិនទាន់ និង ដោយសារមានទឹកជោពីដៃសមុទ្រព្រែកស្រែអំបិល ហើយបណ្តាលឲ្យជន់លិចនៅឃុំស្រែអំបិលជាបណ្តើៗហើយ។ នេះបើ យោងតាមការរាយការណ៍ពីលោកមេឃុំ ដងពែង ស្រុកស្រែអំបិលទៅកាន់មន្ទីរព័ត៌មានខេត្តកោះកុងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ។

កាលពីព្រឹកថ្ងៃទី២០ ខែកក្កដានោះដែរនៅចំណុចស្ពានស្ទឹងសំរោងទឹកចាប់ផ្តើមជន់ឡើងហូរកាត់លើផ្លូវជាតិសាជាថ្មីទៀត។ រហូតមកទល់នឹងរសៀលថ្ងៃទី២០ ខែកក្កដា អាជ្ញាធរនៅអនុញ្ញាតឲ្យរថយន្តតូចៗបើក បរឆ្លងកាត់នៅឡើយ ប៉ុន្តែរថយន្តធំធុនធ្ងន់ត្រូវបានហាមឃាត់ ។

ករណីនេះប្រសិនបើនៅតែមានភ្លៀង ធ្លាក់ច្រើន ហើយទឹកបន្តហក់ឡើងនោះ ចរាចរណ៍អាចនឹងបិទឡើងវិញជាថ្មីម្តងទៀត។ នេះបើតាមរបាយការណ៍ដែលទទួល បានពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ ។

ចំណែកនៅខេត្តកំពតផ្លូវជាតិចំនួន៤ ក្នុងភូមិសាស្ដ្រខេត្តកំពតរួមមាន ផ្លូវជាតិ លេខ៣, ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ ៣៣ និងផ្លូវជាតិលេខ៤១កំពុងតែទទួល រងការខូចខាតយ៉ាងខ្លាំងដោយរថយន្ដធុនធំជាច្រើនគ្រឿងបានធ្វើចរាចរណ៍ឆ្លងកាត់ ដែលបានបង្វែរចរាចរណ៍ពីផ្លូវជាតិលេខ៤ ព្រោះតែជំនន់ទឹកភ្លៀង។ នេះបើតាមសេចក្ដី ជូនដំណឹងរបស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពតប្រកាសកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពតក៏ដូចជាក្រសួងសាធារណការក៏បានជម្រាបជូនដល់អ្នកប្រើប្រាស់បណ្ដាញផ្លូវថ្នល់ដែលរងការខូចខាតខាងលើសូមមេត្តាយោគយល់និងអធ្យាស្រ័យដោយក្ដីអនុគ្រោះ ហើយមន្ទីរនឹងជួសជុលកំណាត់ផ្លូវទាំងនោះភ្លាមបន្ទាប់ពីមានអាកាសធាតុល្អប្រសើរឡើងវិញដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៨ អាជ្ញាធរខេត្តកំពង់ស្ពឺ និងអាជ្ញាធរខេត្តព្រះសីហនុបានសម្រេចផ្អាកការធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ ៤ជាបណ្តោះអាសន្នទៀតហើយបន្ទាប់ពីមានការជន់លិចដោយជំនន់ទឹកភ្លៀង ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មូលហេតុនៃការផ្អាកនេះ ដោយសារជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ៩០ (ខេត្តកំពង់ស្ពឺ) និងគីឡូម៉ែត្រលេខ១៥ (ព្រះសីហនុ)។ ទោះជាយ៉ាងនេះក្តីអាជ្ញា ធរខេត្តទាំង២បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងទៅខេត្តព្រះសីហនុ និងខេត្តកោះកុងប្រើប្រាស់ផ្លូវជាតិលេខ៤១ និង ផ្លូវជាតិលេខ៣ជំនួសវិញ ។

ដោយឡែកនៅឯរាជធានីភ្នំពេញផ្ទះ ប្រជាពលរដ្ឋជាង១០០ខ្នង ស្ថិតនៅជាប់ មាត់ស្ទឹងព្រែកត្នោតក្នុងសង្កាត់ចំនួន៧ របស់ខណ្ឌដង្កោ រាជធានីភ្នំពេញត្រូវបាន ទទួលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង ព្រោះទឹកស្ទឹងឡើងខ្លាំងគិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ។

តាមមន្រ្តីនគរបាលខណ្ឌដង្កោបានថ្លែងថា ទឹកស្ទឹងបានជន់ឡើងយ៉ាងគំហុករយៈពេល៤ថ្ងៃជាប់ៗគ្នាពោលគឺចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨មកម្លេ៉ះដោយ សារតែភ្លៀងធ្លាក់រាល់ថ្ងៃ ជាពិសេសភ្លៀង ធ្លាក់ខ្លាំង និងជន់លិចតំបន់មួយចំនួនក្នុងខេត្តកំពង់ស្ពឺដែលធ្វើឲ្យទឹកកាន់តែឡើងខ្លាំង ហើយទឹកនោះបានហូរធ្លាក់តាមស្ទឹងជាបន្តបន្ទាប់មកខាងក្រោមទើបបណ្ដាលឲ្យជន់លិចភូមិឋានប្រជាពលរដ្ឋដែលនៅជាប់មាត់ស្ទឹងក្នុងខណ្ឌដង្កោបែបនេះ ។

មន្រ្តីនគរបាលបានបន្តថា គិតរហូតមកដល់ត្រឹមម៉ោង១១ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ទឹកបានឡើងជន់លិចចំនួន១៩ភូមិ ស្ថិតក្នុងសង្កាត់ចំនួន៧របស់ខណ្ឌ ដង្កោស្មើនឹងចំនួន១៩៦គ្រួសារនិងខ្នងផ្ទះ ដោយក្នុងនោះមានដូចជា ៖

១-សង្កាត់ព្រៃសទឹកជន់លិចចំនួន២ ភូមិ ស្មើនឹង៣៤គ្រួសារ

២-សង្កាត់ទៀនទឹកជន់លិចចំនួន២ ភូមិ ស្មើនឹងចំនួន១៧គ្រួសារ

៣-សង្កាត់គងនយទឹកជន់លិចចំនួន២ភូមិ ស្មើនឹងចំនួន៥៨គ្រួសារ

៤-សង្កាត់ស្ពានថ្មទឹកជន់លិចចំនួន៤ ភូមិ ស្មើនឹង២២គ្រួសារ ។

៥-សង្កាត់ជើងឯកទឹកជន់លិចចំនួន២ភូមិ ស្មើនឹងចំនួន១៧គ្រួសារ

៦-សង្កាត់សាក់សំពៅទឹកជន់លិចចំនួន៦ភូមិ ស្មើនឹង២៦គ្រួសារ

៧-សង្កាត់ដង្កោទឹកជន់លិចចំនួន១ ភូមិ ស្មើនឹងចំនួន២២គ្រួសារ ។

ជាមួយគ្នានេះកម្លាំងអាជ្ញាធរខណ្ឌ និងសង្កាត់សាក់សំពៅរួមជាមួយប្រជាពលរដ្ឋបាននិងកំពុងនាំគ្នាច្រកដីដាក់ក្នុងបាវដើម្បី ទប់ផ្លូវដែលត្រូវទឹកហូរបុកដាច់និងហូរច្រោះក្លាយជារន្ធនាគនៅជិតសាលាសង្កាត់ សាក់សំពៅផងដែរ ។

ទោះជាយ៉ាងណាមិនមានមនុស្សណាម្នាក់ត្រូវស្លាប់នៅក្នុងគ្រោះទឹកជំនន់ខាងលើនេះនៅឡើយទេ ហើយម្ចាស់ផ្ទះនិង សមាជិកគ្រួសារដែលត្រូវទឹកលិចកំពុងត្រូវបានអាជ្ញាធរខណ្ឌដង្កោជម្លៀសចេញរក ទីទួលសុវត្ថិភាពអស់ហើយ ។

ជាមួយគ្នានេះដែរលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីពាក់ព័ន្ធអាជ្ញាធរដែនដី កាលពីព្រឹកថ្ងៃទី២០ ខែកក្កដាបានចុះទៅពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅក្នុងតំបន់មួយចំនួននៅប៉ែកខាងលិច រាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈដែលជំនន់ទឹកភ្លៀងកំពុងតែកើនឡើងដែលធ្វើឲ្យលំនៅឋានរបស់ប្រជា ពលរដ្ឋមួយចំនួនទទួលរងការលិចលង់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅប្របនឹងដងស្ទឹងព្រែកត្នោត ។

លោកអភិបាលបានធ្វើដំណើរតាមទូក ដើម្បីពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងតាមទីតាំងដែលលិចលង់ និងឈ្វេងយល់ពី តម្រូងការចាំបាច់នឹងដោះស្រាយជូនពល រដ្ឋរងគ្រោះភ្លាមៗ។ តាមការពិនិត្យជាក់ ស្តែងមានភូមិចំនួន៧ក្នុងសង្កាត់បឹងធំ ក្នុង ខណ្ឌពោធិ៍សែនជ័យដែលមានភូមិសាស្ត្រនៅប្របមាត់ស្ទឹងព្រែកត្នោត ពិសេសមាន ភូមិដូនកុកដែលទទួលរងការលិចលង់ ខ្លាំងជាងគេ ។

លោកអភិបាលរាជធានីបានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរដែនដីត្រូវរួមគ្នាគិតគូរ និងដោះស្រាយ ហើយដាក់ចេញវិធានការចាំបាច់ឲ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋយើងដែលរងគ្រោះក្នុងនោះមានការរៀបចំអូប័រចំនួន១០គ្រឿង សម្រាប់ជួយចម្លងប្រជាពលរដ្ឋរៀបចំទី ទួលសុវត្ថិភាព និងរៀបចំទីតាំងស្នាក់ការកាកបាទក្រហមដែលអាចដាំស្លររួមគ្នា បានដើម្បីសម្រួលការលំបាកដល់បងប្អូននៅពេលទឹកលិចផ្ទះសម្បែងរបស់ខ្លួន, រៀបចំឲ្យមានពេទ្យប្រចាំការនៅទីតាំងរងគ្រោះដើម្បីផ្តល់សេវាសុខាភិបាលជូនបងប្អូន។

លោក ឃួង ស្រេង បានអំពាវនាវឲ្យ បងប្អូនមានការប្រុងប្រយ័ត្នលើផ្នែកសុខភាព និងកុំបណ្តោយឲ្យកូនចៅលេងទឹក ដែលកំពុងជន់ឡើងនេះព្រោះអាចបណ្តាល ឲ្យគ្រោះថ្នាក់បាន។ គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដាកម្ពស់ទឹកស្ទឹងព្រែកត្នោតមិនទាន់មានការគំរាមកំហែងដល់រាជធានីភ្នំពេញនោះទេ។ ប៉ុន្តែបើសិនជាទឹកនៅតែបន្តឡើង ទៀតនោះខណ្ឌដង្កោនឹងប្រឈមមុខខ្លាំងជាងគេជាជំនន់ទឹកភ្លៀងធ្លាក់មកពីខេត្ត ប៉ែកខាងលិចរាជធានីភ្នំពេញដូចជាខេត្ត កំពង់ស្ពឺជាដើម ។

នៅឯខេត្តរតនគិរីវិញអភិបាលខេត្ត រតនគិរីលោក ថង សាវុន កាលពីព្រឹកថ្ងៃទី ២០ ខែកក្កដាបានអំពាវនាវដល់ប្រជាពលរដ្ឋដែលស្ថិតនៅតាមដងទន្លេសេសាន្តត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តឲ្យបានអនាម័យក្នុងការរស់នៅជៀសវាងជំងឺរាតត្បាតផ្សេងៗកើតឡើង ។

ការអំពាវនាវនេះបន្ទាប់លោកបានចុះទៅពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត ស្ថិត នៅស្រុកវើនសៃ និងសម្គាល់ឃើញថា កម្ពស់ទឹកបានហក់ឡើងគួរឲ្យព្រួយបារម្ភ រហូតដល់កម្ពស់ជាង៦ម៉ែត្រ ខណៈដែល កម្រិតប្រកាសអាសន្នកម្ពស់៨ម៉ែត្រ។

លោកបានបញ្ជាក់ថា អាជ្ញាធរ និង សមត្ថកិច្ចក្នុងខេត្តរតនគិរីត្រូវត្រៀមវិធានការសរុប និងមធ្យោបាយសរុបដើម្បីធ្វើ អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុង ករណីកើតមានគ្រោះអាសន្ន ៕ ហេង សូរិយា