ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកស្ទឹងសង្កែដែលបានគម្រាមកំហែងទីក្រុងបាត់ដំបងជាបន្តបន្ទាប់ មកដល់ពេលនេះ បានធូរស្រាលវិញហើយ

ខេត្តបាត់ដំបង៖ ជំនន់ទឹកស្ទឹងសង្កែដែលបានគម្រាមកំហែងទីក្រុងបាត់ដំបងជាបន្តបន្ទាប់ មកដល់ពេលនេះ បានធូរស្រាលវិញហើយ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែបានបន្តស្រកចុះមកនៅត្រឹមកម្ពស់ ១១,៧០ ម បន្ទាប់ពីបានហក់ឡើកលើកទី ៣ ដល់កម្ពស់ ១២,៥០ ម នៅព្រឹកថ្ងៃម្សិលមិញ ។

សូមជម្រាបផងដែរថា គិតចាប់ពីថ្ងៃទី ១២ មក ទឹកស្ទឹងសង្កែ បានជន់ឡើងខ្លាំង ចំនួន ០៣ លើក ដោយលើកទី ១ ទឹកបានជន់ឡើងដល់កម្ពស់អតិបរមា ១២,៩៤ ម, លើកទី ២ ដល់ ១២,៩២ ម និងលើកទី ៣ ដល់ ១២,៥០ ម ។​

តាមរយៈវិធានការដ៏ហ្មត់ចង់ និងទាន់ពេលវេលារបស់មន្ត្រីជំនាញធនធានទឹក និងឧតុនិយម ក្រោមការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រី លឹម គានហោ, រដ្ឋបាលខេត្តបាត់ដំបង និងតាមរយៈប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលចំនួន ០២ ក្នុងខេត្ត (ទំនប់ពហុបំណងសេកសក និងទំនប់កង្ហត) បានធ្វើឱ្យទីក្រុងបាត់ដំបង មកដល់ពេលនេះ គេចផុតពីការវាយប្រហារដោយជំនន់ទឹកស្ទឹងសង្កែទាំងស្រុងហើយ ។ ការធ្លាក់ភ្លៀង ពិសេសនៅតំបន់ខាងលើ (ស្រុកសំឡូត ព្រំដែនកម្ពុជា-ថៃ) មានការថមថយច្រើន ដូចនេះ ទឹកស្ទឹងនឹងបន្តស្រកចុះបន្ថែមទៀត៕  សុខ ខេមរា