ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបពិភាក្សាលើកទីពីររវាងលោក ត្រាំ នឹងលោក គីម ជុងអ៊ុន នឹងកើតឡើងក្នុងពេលឆាប់ៗ

សេតវិមានអាមេរិកបានប្រកាសថា ទំនាក់ទំនងជាន់ខ្ពស់រវាងអាមេរិក នឹងកូរ៉េ ខាងជើង កំពុងដំណើរការយ៉ាងល្អបំផុត ហើយមេដឹកនាំប្រទេសទាំងពីរបានត្រៀមលក្ខណៈជួបពិភាក្សាជាលើកទីពីរ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា អាមេរិក បានចាប់ផ្តើមរៀបចំសម្រាប់ជំនួបលើកទីពីរ រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

លោកស្រីបន្តទៀតថា លោក គីម ជុង អ៊ុន បានផ្ញើលិខិតទៅកាន់ប្រធានាធិបតី អាមេរិក ដោយក្នុងសារលិខិតនោះពិតជា កក់ក្តៅ និងសកម្មនៅក្នុងការរំសាយអាវុធបរមាណូ និងមីស៊ីល។ តាមការលើកឡើង របស់លោកស្រី លិខិតដែលមេដឹកនាំកូរ៉េខាងជើងផ្ញើទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ជាភស្តុតាងបង្ហាញឲ្យឃើញពីគោល បំណងបង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនោះ លោកស្រី Sarah Sanders បញ្ជាក់ទៀតថា កូរ៉េខាងជើងមិនបាន ដង្ហែក្បួនមីស៊ីលបរមាណូ ក្នុងឱកាស ខួប៧០ឆ្នាំ កាលពីថ្ងៃទី៩ ខែកញ្ញា កន្លង មកគឺជា សញ្ញាវិជ្ជមាននៅក្នុងការអនុវត្ត តាមសេចក្តីប្រកាសពីការរំសាយអាវុធ បរមាណូ និងមីស៊ីល។ លោកស្រីបន្តទៀត ថា សេតវិមានមិនបានប្រកាសពីខ្លឹមសារនៅក្នុងលិខិត របស់មេដឹកនាំកូរ៉េខាងជើងផ្ញើទៅកាន់ប្រធានាធិបតី ត្រាំ ឡើយ។

កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបង្ហាញពីគោលបំណង ពិភាក្សា បញ្ចប់កម្មវិធីបរមាណូនៅកូរ៉េខាងជើង។ នៅលើបណ្តាញសង្គម Twitter លោក ត្រាំ បានអរគុណដល់មេដឹកនាំ គីម ជុងអ៊ុន ដែលបានកែប្រែនៅក្នុងពិធីដង្ហែ ក្បួនព្យុហយាត្រាយោធា ដោយផ្តោតទៅ លើសេដ្ឋកិច្ចជាធំ។

លោក ត្រាំ បានសរសេរថា «សូម អរគុណដល់មេដឹកនាំ គីម ជុងអ៊ុន។ យើង នឹងបង្ហាញឲ្យមនុស្សឃើញថា មនុស្សដទៃ បានគិតខុសពីយើង។ គ្មានអ្វីប្រសើរជាងកិច្ចពិភាក្សាប្រកបដោយប្រសិទ្ធភាព យល់ ចិត្តគ្នា។ ស្ថានភាពប្រសើរជាងពេលដែលខ្ញុំទើបតែឡើងកាន់តំណែង»។

ជំនួបពិភាក្សាជាលើកទីពីររបស់មេដឹកនាំអាមេរិក និងកូរ៉េខាងជើង មិនទាន់បាន កំណត់នៅឡើយ ប៉ុន្តែក្រុមអ្នកឯកទេស បញ្ជាក់ថា កិច្ចពិភាក្សាអាចនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ៕ ម៉ែវ សាធី