ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបលើកទី៣រវាងមេដឹកនាំកូរ៉េខាងត្បូង-កូរ៉េខាងជើងនៅថ្ងៃទី១៨-២០ខែកញ្ញា

នៅទីបំផុតដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអុីន ទៅកាន់ទីក្រុងព្យុង យ៉ាងកាន់តែច្បាស់ ដោយប្រទេសទាំង ពីរបានកំណត់ពេលវេលាច្បាស់លាស់ សម្រាប់ជំនួបលើកទី៣។

សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រី កូរ៉េខាងត្បូងនៅថ្ងៃទី៦ ខែកញ្ញា បាន ប្រកាសថា កូរ៉េខាងជើង និងខាងត្បូងបានព្រមព្រៀងគ្នាទៅលើពេលវេលានៃជំនួប កំពូល រវាងប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាងចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែកញ្ញាខាងមុខ។

តាមគម្រោងនៅក្នុងជំនួបនោះមេដឹកនាំទាំងពីរនឹងពិភាក្សាផ្តោតសំខាន់ទៅលើការអនុវត្តជាក់ស្តែងក្នុងការរំសាយអាវុធ បរមាណូទាំងស្រុងនៅឧបទ្វីបកូរ៉េ។

ឆ្លើយតបទៅនឹងការសម្ភាសរបស់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងព្យុងយ៉ាង ទី ប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui Yong បានបញ្ជាក់ថា មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ជាក់ពី ការប្តេជ្ញារំសាយអាវុធបរមាណូ។ មិនតែ ប៉ុណ្ណោះក៏បានបង្ហាញពីគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិក និងកូរ៉េខាងត្បូងផងដែរ។

កាលពីថ្ងៃទី៥ ខែកញ្ញា ប្រធានាធិបតី កូរ៉េខាងត្បូង មូន ជេអុីន បានបញ្ជូន លោក Chung Eui Yong ទៅកាន់កូរ៉េខាងជើង ដោយនាំយកសំបុត្រផ្ទាល់ដៃជូនមេដឹកនាំ គីម ជុងអ៊ុន ផងដែរ។ ការទៅកាន់កូរ៉េខាងជើងគឺដើម្បីពិភាក្សា និងកំណត់ពេលនៃ ជំនួបកំពូល។

វិមានប្រធានាធិបតីកូរ៉េខាងត្បូងបាន ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សាជាមួយក្រុមប្រតិភូពិសេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ជាមួយការប្រគល់សំបុត្រផ្ទាល់ខ្លួនមួយ របស់លោក មូន ជេអុីន ដល់ដៃលោក គីម ផងដែរ។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ ខ្លួន អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េ ខាងត្បូងម្នាក់បានគូសបញ្ជាក់ដូច្នេះថា «ក្រុមប្រតិភូពិសេស បានជួបពិភាក្សាការងារជាមួយលោកប្រធាន គីម ជុងអ៊ុន ដើម្បី ប្រគល់សំបុត្រផ្ទាល់ខ្លួនពីលោកប្រធានា ធិបតី មូន ជេអុីន និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក»។ ប៉ុន្តែទន្ទឹមគ្នា អ្នកនាំ ពាក្យរូបនេះ ក៏បានអះអាងដែរថា លទ្ធ ផលនៃជំនួបនេះត្រូវបានប្រកាសនៅថ្ងៃ ព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខរបស់លោក មូន គឺលោក Chung Eui-yong បានដឹកនាំក្រុមប្រតិភូពិសេសកូរ៉េខាងត្បូង ធ្វើដំណើរទៅ កាន់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ ក្នុងគោលបំណងបញ្ជាក់ពីកាលបរិច្ឆេទ និង របៀបវារៈសម្រាប់ជំនួបរវាងលោក គីម នឹងលោក មូន ដែលគ្រោងនឹងធ្វើឡើង នៅមុនដំណាច់ ខែកញ្ញានេះ។

អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េ ខាងត្បូង លោក Kim EuiKyeom បាន ឲ្យដឹងថា «ប្រធានាធិបតី មូន ជេអុីន បញ្ជាក់ថា ការបង្កើនទំនាក់ទំនងល្អប្រសើររវាងកូរ៉េទាំងពីរ នឹងកាត់បន្ថយភាពតាន តឹងនៅឧបទ្វីបកូរ៉េ ជាជំហានឆ្ពោះទៅរកការរំសាយអាវុធបរមាណូទាំងស្រុង និង បង្កើតសន្តិភាពជារៀងរហូតនៅក្នុងតំបន់នេះ»៕ ម៉ែវ សាធី