ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបលោក ពូទីន និងលោកស្រី ម៉ាគែល ជាការបើកទ្វារនៃកិច្ចសហប្រតិបត្តិការណ៍

បើទោះបីនៅមានវិវាទលើចំណុចមួយចំនួន ប៉ុន្តែនៅក្នុងជំនួបរវាងមេដឹកនាំរុស្ស៊ី នឹងអាល្លឺម៉ង់បង្ហាញឲ្យឃើញថា មានភាពរីកចម្រើនយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ គឺជាក្តីសង្ឃឹមដើម្បីដោះស្រាយបញ្ហាជាច្រើនផ្សេងទៀតនៅក្នុងតំបន់ និងលើពិភពលោក ដែលប្រទេសទាំងពីរខ្វល់ខ្វាយ។

សមាជិកគណកម្មការកិច្ចការបរទេសរបស់សភារុស្ស៊ីលោក Sergey Zhelezniak បានបញ្ជាក់ថា បើទោះបីនៅមានវិវាទលើបញ្ហាមួយចំនួន ស្តីពីគោលនយោបាយការបរទេស ប៉ុន្តែជំនួបពិភាក្សារវាងលោក ពូទីន និងលោកស្រី ម៉ាគែល បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរបានត្រៀមលក្ខណនៅក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការស្វែងរកដំណោះស្រាយលើគ្រប់វិស័យ។

កន្លងមក លោក ពូទីន និងលោកស្រី ម៉ាគែល បានបើកកិច្ចពិភាក្សានៅឯទីក្រុងប៊ែរឡាំង នាថ្ងៃទី១៨ ខែសីហា ជាមួយប្រធានបទទាក់ទិននឹងបញ្ហាអន្តរជាតិសំខាន់ៗ រួមមានដូចជា ស៊ីរី អ៊ុយក្រែន អ៊ីរ៉ង់ និងគម្រោងភ្ជាប់បំពង់ផ្គត់ផ្គង់ឧស្ម័ន Nord Stream 2។

កិច្ចប្រជុំពិភាក្សាខាងលើ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកស្រី ម៉ាគែល បានធ្វើដំណើរទស្សនកិច្ចនៅកាន់ទីក្រុងសូជី ប្រទេសរុស្ស៊ី កាលពីខែឧសភាកន្លងទៅ ហើយនៅមុនកិច្ចពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរចាប់ផ្តើម លោក ពូទីន និងលោកស្រី មើគែល បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមាន Schloss Meseberg ស្ថិតនៅជាយក្រុងប៊ែរឡាំង។

លោកស្រី ម៉ាគែល បានបង្ហើបថាកុំឲ្យមានការរំពឹងខ្ពស់ពេក ចំពោះលទ្ធផលនៃកិច្ចពិភាក្សារបស់លោកស្រីជាមួយលោក ពូទីន ដោយវាគ្រាន់តែជាជំនួបការងារ ដែលពុំមានលទ្ធផលជាក់លាក់ណាមួយត្រូវរំពឹងថា នឹងលេចឡើងឡើយ។

ជំនួបរវាងរុស្ស៊ី នឹងអាល្លឺម៉ង់ ក្នុងពេលដែលទំនាក់ទំនងរវាងបណ្តាប្រទេសតំបន់អឺរ៉ុប នឹងអាមេរិកមានការរង្គោះរង្កើដោយសារតែគោលនយោបាយអាត្មានិយមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយបានតម្លើងពន្ធលើបណ្តាប្រទេសសម្ពន្ធមិត្តអឺរ៉ុប។ មិនតែប៉ុណ្ណោះអាមេរិកបានហាមប្រាមប្រទេសជុំវិញពិភពលោកទិញប្រេងពីអុីរ៉ង់ទៀតផង។

ចំណុចទាំងនោះហើយបានធ្វើឲ្យប្រទេសផ្សេងទៀតងាកទៅរកគ្នាដើម្បីបង្កើនសេដ្ឋកិច្ចជាតិរបស់ខ្លួន៕ ម៉ែវ សាធី