ព័ត៌មានទាន់ហេតុការណ៍៖

ជំនួយការភូមិយាងថ្មីម្នាក់ស្លាប់ចំណែកអនុភូមិម្នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ប៉ោយប៉ែត៖ គួរឲ្យរន្ធតជំនួយការភូមិយាងថ្មីម្នាក់បានស្លាប់ចំណែកអនុភូមិរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោលលេខ៣៨៣លេខ៣៨៤ មុខវត្តរតនៈនិមិត្ត ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ មាស មុំ ភេទស្រី អាយុ៦៤ រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅខេតបន្ទាយមានជ័យជាជំនួយការភូមិយាងថ្មី (ស្លាប់) និងឈ្មោះ គឹម សុភា ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ជាអនុភូមិយាងថ្មី(រងរបួសធ្ងន់)។

ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ដុង ឈាងលី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចសណ្ដាប់ធ្នាប់ ស្រុកអូរជ្រៅបញ្ជាក់ថា មុនកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូវេវ២នាក់ ប្ដីប្រពន្ធ ក្នុងទិសដៅពីកើតទៅលិចស្របទិសជាមួយរថយន្តកាំរីឆ្លាមពណ៏ត្រាវពាក់ស្លាក់លេខភ្នំពេញ2k. 9706 បើកបរមកដល់ចំណុចកើតហេតុ ហ្វ្រាំមិនទាន់បានបុកម៉ូតូជនរងគ្រោះដែលជិះដឹកគ្នាពីរអ្នកប្ដីប្រពន្ធបម្រុងឆ្លងផ្លូវចូលផ្ទះ ទៅទិសខាងត្បូងធ្វើឲ្យប្រពន្ធស្លាប់នៅកន្លែង និងប្ថីរងរបួសដឹកសង្គ្រោះនៅមណ្ឌលសុខភាពកូប ។

ចំណែកអ្នកបើកបរត្រូវកម្លាំងជំនាញស្រុកបានបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីមកសួរនាំ ។ ចំពោះម៉ូតូ និងរថយន្តខូចចាតត្រូវកម្លាំងជម្នាញដឹករក្សាទុកអធិការ ស្រុកអូរជ្រៅ៕ វណ្ណា