ព័ត៌មានទាន់ហេតុការណ៍៖

ឈើកកោះជាច្រើនសន្លឹកគទុកចោល រកម្ចាស់មិនឃើញ គ្មានអ្នកបង្ក្រាប លោកជឹម អេន អធិការនគរបាលស្រុក បែរនិយាយថា កុំចេះដឹងរឿងគេច្រើនពេក

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋរិះគន់ចំៗ ចំពោះលោកជឹម អេន អធិការស្រុកសៀមប៉ាង ទំនងជានៅពីក្រោយខ្នង ឈ្មួញរកស៊ីឈើខុសច្បាប់ទាំងនេះ ទើបឈ្មួញមិនខ្លាចលោកអធិការបន្តិចសោះ ទើបលោកមិនហ៊ានបង្ក្រាប បែរជានិយាយការពារឈ្មួញទៅវិញ ព្រហើននឹងប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាថ្នាក់ដឹកនាំកំពូលរបស់គាត់ ដោយមិនឲ្យអ្នកព័ត៌មាន ឃើញបទល្មើសហើយ កុំឲ្យរាយការណ៍ទៅលោកអភិបាលស្រុក ព្រោះឃើញគំនរឈើកគោះ ជាច្រើនសន្លឹក ទុករាយប៉ាយនៅក្នុងភូមិដុនឡូង ឃុំសេកុង ស្រុកសៀមប៉ាង។

ជាក់ស្តែងនៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មានគេប្រទះឃើញឈើជាច្រើនសន្លឹក ប្រភេទកកោះ ដែលមានមុខកាត់ ចាប់ពី៦០×១០ ប្រវែង២ម៉ែត្រ ទៅ៣ម៉ែត្រ ឡើងទៅ នៅខាងក្រោយផ្ទះប្រជសពលរដ្ឋ នៅចំណុចខាងលើក៏បាន រាយការណ៍ជូនស្ថាប័នពាក់ព័ន្ធ និងលោកអភិបាលស្រុកដើម្បីបង្ក្រាប និងទប់ស្កាត់ បែរជាលោកអភិបាលស្រុក ជឹម អេន ខលមកជេរប្រមាថ និងគំរាមថា កុំចេះតែហ៊ានឈើកកោះសោះ មិចបានរាយការណ៍ទៅលោកអភិបាលស្រុកធ្វើអី លោកឯងអ្នកនៅស្រុកនឹងទេ ។ ពាក្យសំដីរបស់លោកអធិការពេលនេះ ត្រូវគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងបទល្មើសទាំងនេះ ឬក៏អាចមានភាគហ៊ុនក្នុងបទល្មើសជំនួញឈើទាំងនេះទេដឹង ។

តែទោះបីយ៉ាងណាក៏ដោយ បទល្មើសឈើកកោះទាំងនោះ ត្រូវបានលោកផាន់ យុត្តិ អភិបាលស្រុកបញ្ជាឲ្យកម្លាំងមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុក ដឹកនាំដោយលោកអភិបាលរងស្រុក ចុះបង្ក្រាបដោយជោគជ័យ ដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករួចរាល់ហើយ មានចំនួន២៧សន្លឹក ។

ជុំវិញរឿងនេះ លោកអធិការស្រុក ជឹម អេន បានឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ថា លោកមិនបាននៅពីក្រោយខ្នង បទល្មើសទាំងនេះដូចការចោទប្រកាន់ខាងលើនោះទេ លោកចាំតែអនុវត្តតាមបទបញ្ជាលោកអភិបាលស្រុក ដើម្បីសហការជាមួយជំនាញ ។

លោកបន្តទៀតថា បើគាត់នៅពីក្រោយខ្នងមែននោះ លោកចាំបាច់ដឹកនាំកម្លាំង ចុះបង្ក្រាបជាមួយជំនាញ យកមករក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុកធ្វើអី ដូចក្នុងការចោទប្រកាន់នោះ នេះជាព័ត៌មានបំប៉ោងទេ អ្នកសារព័ត៌មានខ្លះ ចេះតែចុះ ចេះតែផ្សាយ តាមចិត្ត តាមតែកំហឹង ហើយខ្លះទៀត មិនមែនអ្នកព័ត៌មានពិតប្រាកដ គ្មានឯកសារត្រឹមត្រូវទេ ដើរធ្វើខុសវិជ្ជាជីវៈ ឲ្យខូចឈ្មោះដល់អ្នកសារព័ត៌មាន ដែលជាអាជីពពិតប្រាកដតែប៉ុណ្ណោះ ៕ មាស សុផាត