ព័ត៌មានទាន់ហេតុការណ៍៖

ឈើធ្នង់លោតឆត្រត្រូវសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្ក្រាបបាននៅស្រុកកូនមុំ

ខេត្តរតនគិរី៖ ឈើប្រណីតប្រភេទធ្នង់មួយរថយន្តសាំយ៉ុងគ្មានស្លាកលេខដោយក្រុមឈ្មួញ ដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែងឆ្ពោះមកកាន់ខេត្តរតនគិរី តាមផ្លូវជាតិ​លេខ​​៧៨ ត្រូវបានសមត្ថកិច្ចនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបង្ក្រាបបាន ខណៈ​ប្រុងលោតឆត្រទៅ​ប្រទេសវៀត​ណាម។

លោក នូវ ដារ៉ា ប្រធានការិយាល័យ​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ឋិតនៅ​ក្នុងភូមិសឹក ឃុំតាអង ស្រុកកូនមុំ ហើយម្ចាស់រថយន្តបានរត់គេចខ្លួនពេលសមត្ថ កិច្ចស្ទាក់ចាប់។

លោកបន្តទៀតថា មុនឈានទៅបង្ក្រាបរថយន្តដឹកឈើប្រណីតខាងលើនេះដោយសារមានកម្លាំងសមត្ថកិច្ចសម្ងាត់រាយការណ៍ទើបកម្លាំងអាចទប់ស្កាត់រាល់បទ ល្មើសផ្សេងៗ ដូចជាឈើបម្រុងលោតឆត្រ ទៅវៀតណាមអ៊ីចឹង។

បច្ចុប្បន្នទាំងរថយន្តនឹងឈើប្រណីត កម្លាំងសមត្ថកិច្ចបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ។ ឈើដែលបង្ក្រាបបាននេះមានមុខកាត់ចម្រុះសរុបទាំងអស់៩៤ដុំស្មើនឹង១.០១៥ម៉ែត្រគូប៕

Bondith16052016_1

Bondith16052016_2
ដោយ៖ វុទ្ធឦសាន្ត