ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញសម្រុកទិញស្រូវ ទន្ទឹមនឹងពេលដែលប្រជាកសិករត្អូញត្អែរតម្លៃស្រូវចុះថោក

ខេត្តបន្ទាយមានជ័យ៖ ឈ្មួញកំពុងសម្រុកទិញស្រូវដល់វាលស្រែ ខណៈដែលប្រជាកសិករផលិតស្រូវបង្កើនរដូវនៅខេត្តបន្ទាយមានជ័យ ភាគច្រើន ពួកគាត់ផលិតស្រូវប្រភេទពូជន៍សែនក្រអូប ដែលជា ស្រូវត្រូវប៉ាន់នៅលើទីផ្សារ មានតម្លៃខ្ពស់កន្លងមក បាននាំគ្នាត្អូញត្អែថាតម្លៃស្រូវនៅឆ្នាំនេះចុះថោកបង្កឱ្យបង់ខាតបើប្រើប្រៀបនូវការចំណាយច្រើនហើយទទួលចំណូលពីការលក់ស្រូវមិនសមាមាត្រគ្នា ។

ប្រជាកសិករនៅក្នុងឃុំចំណោមបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះថា ឆ្នាំនេះ ពួកគាត់ផលិតស្រូវទទួលបានទិន្នផលកើនល្អ ប៉ុន្តែខកចិត្តដោយសារតម្លៃស្រូវចុះថោកលក់ក្នុង១តោនបានតម្លៃជាង៦០ទៅ៧០ម៉ឺនរៀប៉ុណ្ណោះ បើប្រៀបធៀបនិងឆ្នាំមុនតម្លៃក្នុង១តោន ជាង១លានរៀល។

ប្រជាកសិករប្រាប់ឱ្យដឹងទៀតថានៅពេលប្រមូលផលស្រូវដើមទីមិនសូវសំបូរស្រូវពួកគាត់លក់តម្លៃក្នុង១តោន៩០ម៉ឺនរៀល លុះក្រោយមកតម្លៃស្រូវបានចុះមកម្តងបន្តិចៗរហូតដល់ស្រូវសើមច្រូតពីស្រែភ្លាមតម្លៃ១តោនបានជាង៥០ម៉ឺនរៀលប៉ុណ្ណោះ ទៅតាមអ្វីជាការកំណត់របស់ឈ្មួញកណ្តាលដែលបានដាក់តម្លៃ។បញ្ហានេះធ្វើឱ្យពួកគាត់ កំពុងប្រឈមនិងខាតបង់ប៉ះពាល់ជីវភាពជាខ្លាំង។

ប្រជាកសិករសំណូមពរឱ្យរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយពិនិត្យដោះស្រាយរកទីផ្សារដែល លក់ស្រូវឱ្យបានតម្លៃខ្ពស់បន្តិចដើម្បីទប់ទល់និងការចំណាយខ្ពស់នៃការផលិតស្រូវ។

បើតាមឈ្មួញដែលចុះទៅប្រមូលទិញស្រូវដល់ទីវាលប្រាប់ឱ្យដឹងថា តម្លៃស្រូវនៅឆ្នាំនេះ គ្មានហាងឆេងនោះទេ ក្រុមហ៊ុនធំៗជាអ្នកប្រមូលទិញមិនបានដាក់តម្លៃពិតប្រាកដ ។រោងម៉ាស៊ីនកិនស្រូវខ្លះបិទទ្វារដោយសារខ្វះទុនទិញស្រូវខ្ចីប្រាក់ពីធនាគារមិនបាន។

លោក ថោង ធីណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា បញ្ហា តម្លៃស្រូវចុះថោក ខាងក្រសួងពាណិជ្ជកម្មគេបានចុះមកសិក្សានិងយកទៅវាយតម្លៃ នៅថ្នាក់ លើ ដើម្បីរកវិធានការដោះស្រាយនោះហើយ ប៉ុន្តែវិធានការបែបណានោះលោកពុំទាន់ដឹងនៅឡើយនោះទេ។

លោកប្រាប់ទៀតថា ការធ្លាក់ចុះតម្លៃស្រូវដោយសារការផលិតស្រូវរបស់ប្រជាកសិករបង្កើនរដូវនៅឆ្នាំនេះមានការកើនឡើងទាំងនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។ជាងនេះទៅទៀតនៅឆ្នាំនេះគ្មានការបញ្ជាទិញពីឈ្មួញធំៗហើយរោងម៉ាស៊ីនកិនស្រូវមួយចំនួនបិទទ្វារគ្មានទុនទិញស្រូវ កន្លងមក រោងម៉ាស៊ីនស្រូវខ្លះពឹងផ្អែកទៅលើការខ្ចីប្រាក់ពីធនាគារ ប៉ុន្តែនៅឆ្នាំនេះធនាគារមិនឱ្យខ្ចីប្រាក់ ដោយរោងម៉ាស៊ីនស្រូវខ្លះមិនអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌរបស់ធនាគារ ទើបធ្វើឱ្យរោងម៉ាស៊ីនមួយចំនួនខ្វះទុនបិទទ្វារ។

NKD-36x6_outline

លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ការផលិតស្រូវបង្កើនរដូវរបស់ប្រជាកសិករនៅឆ្នាំនេះមានការកើនឡើងពីជាង២ម៉ឺនហិកតាទៅ៤ម៉ឺនហិកតាដោយសារប្រជាកសិករសម្រុកដាំដុះស្រូវប្រាំងដោយស្រូវវស្សាពួកគាត់ធ្វើអត់បាន។

លោកប្រាប់ទៀតថា ស្រូវធ្លាក់ថ្លៃនោះដែរក៏អាចជាប់ពាក់ព័ន្ធនិងឈ្មួញថៃ ឈ្មួញវៀតណាមមិនចូលទិញស្រូវខ្មែរ ។ឆ្នាំមុនឈ្មួញវៀតណាម និងឈ្មួញថៃបានចូលទិញ ប្រកួតប្រជែងជាមួយនិងឈ្មួញខ្មែរទើបតម្លៃស្រូវល្អកាលពីឆ្នាំមុន។ដោយឡែកឆ្នាំនេះមានតែឈ្មួញ ខ្មែរប៉ុណ្ណោះ។

សូមបញ្ជាក់ថាការធ្លាក់ចុះនៃតម្លៃស្រូវមិនត្រឹមប្រជាកសិករនៅខេត្តបន្ទាយមានជ័យ នោះទេ ប្រជាកសិករនៅខេត្តបាត់ដំបងក៏មានការត្អូញត្អែដូចគ្នាផងនោះដែរ ទន្ទឹមដែលការប្រមូលផលស្រូវកំពុងតែធ្វើឡើងយ៉ាងផុសផុល ៕ សំ វិច្ឆិកា

unnamed-7 unnamed-6 unnamed-5 unnamed-4 unnamed-3 unnamed-2 unnamed-1 unnamed unnamed-8