ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ឈ្លោះគ្នាបងប្អូនបង្កើតខ្លួនឯងឈានដល់ដុតផ្ទះឆេះម៉ដ សមត្ថកិច្ចចាប់ដាក់ខ្នោះ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ក្រោយពីបុរសនេះបំផ្លិចបំផ្លាញដោយចេតនា ដុតផ្ទះឆេះម៉ដគ្មានសល់ ដោយសារទប់កំហឹងពុះកញ្ជ្រោលមិនបានក្នុងទំនាស់ពាក្យសម្តីជាមួយបងប្រុសបង្កើតរបស់ខ្លួននោះ។

ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រលប់ម៉ោង៧និង១៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ហន កប ភេទប្រុស អាយុ៣២ឆ្នាំ បានដុតផ្ទះមួយខ្នងឆេះអស់ទាំងស្រុង ដែលមានទំហំ ទទឹង ៣,៥០ម៉ែត្រ បណ្ដោយ៤,៥០ម៉ែត្រ ជញ្ជាំងក្ដារ និងក្រាលក្ដារខូចខាត អស់គ្មានសល់។

សមត្ថកិច្ចបញ្ជាក់ទៀតថា ហេតុការណ៍ខាងលើនេះ កើតឡើងដោយសារមូលហេតុ ជនសង្ស័យមានជម្លោះជាមួយបងប្រុសបង្កើតរបស់ខ្លួន។

ជនសង្ស័យឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីរៀបចំតាមនីតិវិធី។

សម្ភារខូចខាតមានលុយចំនួនពីរលានរៀល និងឥវ៉ាន់ចាបហ៊ួយគិតជាទឹកប្រាក់ចំនួនពីរលានរៀលទៀត ៕ ប៉ឹម ពិន