ព័ត៌មានទាន់ហេតុការណ៍៖

ឈ្វេងយល់ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ភ្នំពេញ៖ កិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើមដំណើរការហើយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំកម្រិតក្រុមការងាររួមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងចាប់ផ្តើមឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះក៏នឹងមានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏នឹងពិភាក្សាផ្តោតសំខាន់ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុមាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកសារសំខាន់ៗចំនួន៤ ត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅក្នុងកិច្ចប្រជុំនេះ រួមមាន៖

១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២

២៖ ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)

៣៖ បញ្ជីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាលទី២

៤៖ របាយការណ៍ស្តីពីវឌ្ឍនភាពរបស់ក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦

សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ចិនបានផ្តល់ជំនួយជាង ៧.៣លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អនុវត្តគម្រោងសំខាន់ចំនួន១៦ នៅកម្ពុជាក្នុងដំណាក់កាលទី១។

តើអ្វីទៅជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើន បែងចែកជា ៤កម្រិត។ ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង១ ឬ ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង២ឆ្នាំម្តង។

កិច្ចប្រជុំមេគង្គ-ឡានឆាង ត្រូវធ្វើឡើងដោយមានប្រទេសចិនជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសតំបន់ទន្លេមេគង្គត្រូវផ្លាស់ប្តូរវេនធ្វើជាសហប្រធានទៅតាមលំដាប់តួអក្សរ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ដោយប្រទេសចិន និងថៃ ធ្វើជាសហប្រធាន។ សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២នេះ កម្ពុជា និងចិន ធ្វើជាសហប្រធាន ហើយឡាវ នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយប្រទេសចិនក្នុងកិច្ចប្រជុំកំពូលលើកទី៣។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយគោរពតាមគោលការណ៍កូសង់ស៊ីស ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិគ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលរួមអនាគតគ្នាប្រកបដោយសនិ្តភាពនិងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។

សូមបញ្ជាក់ថាមេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕