ព័ត៌មានទាន់ហេតុការណ៍៖

ឈ្វេងយល់ពីប្រវត្តិនៃពិធីបុណ្យមាឃបូជា

ភ្នំពេញ៖ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារសំខាន់ នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែល នឹង បុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវា រណា (ចេញវស្សា)។

បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិ បាលកម្ពុជាកំណត់ចូលជាបុណ្យជាតិរបស់ កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យ នេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រី រាជការ សិស្សានុសិស្ស រួមទាំងវិស័យឯក ជនឈប់សម្រាកមួយថ្ងៃ។

តើបុណ្យមាឃបូជានេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអ្វី? នៅពេលនេះ កាសែតនគរវត្ត សូមលើកយកប្រវត្តិនៃ ពិធីបុណ្យនេះ មកជម្រាបជូនប្រិយមិត្តអ្នកអានបានជ្រាបដូចតទៅ៖

បុណ្យមាឃបូជាប្រារព្ធឡើងដើម្បី រំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុង លោកនាប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ ។

ការបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈ ជាអង្គការសាសនាមួយនេះធ្វើឡើងនៅ ក្នុងចំណោមព្រះសង្ឃចំនួន១.២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈ ទាំងអស់ ។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មា សម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ មួយចំនួន១១ សម្រាប់ឲ្យសមាជិកមហា សន្និបាតទាំងអស់កាន់យកជាវិថីជីវិតនិង សម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃ ទៀតឲ្យបានយល់ពីពុទ្ធសាសនា ។

គោលការណ៍ទាំងនេះមានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិ មោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជា សិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុង ទីប្រជុំសង្ឃរាល់កន្លះខែ ៖ ឧទាហរណ៍ រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗត្រូវយកមក សិក្សាឲ្យយល់ដឹងនិងអនុវត្ត ។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជា ម្ចាស់នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័នដែលជាវត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនាក្នុង ថ្ងៃនោះមានហេតុការណ៍សំខាន់៤យ៉ាង កើតឡើងគឺ៖

១- ព្រះសង្ឃសមណទូត១.២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។

២-ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧប សម្បទា(សព្វេ ឯហិភិក្ខុកា) ។

៣- ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះ អរហន្តបានអភិញ្ញា៦គឺសម្តែងឫទ្ធិបាន , ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នក ដទៃ,បានរលឹកជាតិបាននិងអស់អាសវៈ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិន បានណាត់មត់ទុកជាមុន (សព្វេអនិមន្តិ តា) ។

៤- ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេបុណ្ណចន្ទោ) ។

ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺកិច្ច ប្រជុំប្រកបដោយអង្គ៤ ។

ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុង វត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋ របស់ព្រះបាទពិម្ពិសារក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹងអនុត្តរសម្មា សម្ពោធិញ្ញាណកន្លងហើយបាន៩ខែគឺមុ​ន ព.ស.៤៥ ឆ្នាំ ។

មូលហេតុសំខាន់ដែលព្រះសង្ឃ សមណៈទូតទាំងនោះមកជួបប្រជុំគ្នាក្នុង វត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មីខែ មាឃនោះត្រូវនឹងថ្ងៃសិវរាត្រីរបស់សាសនាព្រាហ្មណ៍ ។ ក្នុងថ្ងៃសិវរាត្រីនេះសាស​និក ព្រាហ្មណ៍តែងប្រារព្ធពិធីលាងជម្រះបាប បូជាព្រះសិវៈ ព្រោះហេតុនោះព្រះ​សង្ឃទាំងនោះទើបធ្វើដំណើរទៅគាល់ ព្រះបរមសាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរ ចេញពីល្អាងសុករខាតាមកគង់ប្រថាប់ នៅក្នុងវត្តវេឡុវ័ន ។ សូមជម្រាបថា ព្រះ ស​ង្ឃ​​ដែល​ធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធ​ធម៌នោះមិនមែនធ្វើដំណើរទៅព្រមគ្នាទាំង​១.២៥​០ អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅ តែមួយអង្គឯងប៉ុណ្ណោះមានន័យថា ធ្វើ​ដំណើរ​ទៅដាច់ដោយឡែកពីគ្នា ។ ការណ៍​ដែល​ព​្រះសង្ឃអង្គនីមួយៗធ្វើដំណើរ​ទៅ​វត្តវេឡុ​វ័ន​ដោយមិនបានណាត់ទុក​ជាមុន​ដូចជាណាត់តាមទូរស័ព្ទឬអុីនធើ​ណេត​ជាដើមទើបចាត់ជាហេតុការណ៍អស្ចារ្យ ។

តើព្រះសង្ឃទាំង១.២៥០អង្គនោះចេញមកពីប្រភពណាខ្លះ?

ប្រភពនៃព្រះសង្ឃទាំង១.២៥០អង្គ នោះគឺ៖

ក- សិស្សគណរបស់ព្រះឧរុវេលកស្សបៈចំនួន៥០០អង្គ

ខ- សិស្សគណរបស់ព្រះនទីកស្សបៈ ចំនួន៣០០អង្គ

គ- សិស្សគណរបស់ព្រះគយាកស្សបៈចំនួន២០០អង្គ

ឃ- សិស្សគណរបស់ព្រះសារីបុត្រនិងព្រះមោគ្គល្លានចំនួន២៥០អង្គ។

សរុបព្រះសង្ឃទាំងអស់១.២៥០អង្គដោយមិនរាប់បញ្ចូលព្រះឧរុវេលកស្សបៈ,ព្រះនទីកស្សបៈ, ព្រះគយាកស្សបៈ, ព្រះសារីបុត្រ និងព្រះមោគ្គល្លាននោះទេបើរាប់បញ្ចូល៥អង្គនេះទៀតបានជា១.២៥៥ អង្គ។

ព្រោះតែអច្ឆរិយហេតុកើតឡើងដោយមិននឹកស្មានដល់បែបនេះព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់ឆ្លៀតឱកាសនោះសម្តែងឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១, ២៥០​អង្គនោះដោយទ្រង់ កំណត់គោល នយោបាយ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធ សាសនា៥ចំណុចគឺ៖

ក- ឧត្តមគតិ បានដល់អំណត់អត់ធ្មត់ ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ (អភ័យ ទានផ្នែកនយោបាយ)។

ខ- គោលបំណង បានដល់ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា (សាធារណប្រយោជន៍)។

គ- វិធីបដិបត្តិ បានដល់មិនរំលោភសិទ្ធិ មនុស្សនិងសត្វ (សិទ្ធិមនុស្ស)។

ឃ- គោលការណ៍មាន ៣ចំណុចគឺ៖

– មិនធ្វើអំពើអាក្រក់ទាំងពួង (សន្តិ សុខ)

– ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍ សង្គម)

– ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)។

ង- វិធីសាស្ត្រ មាន៦ចំណុចគឺ៖

– មិនបរិហារកេរ្តិ៍បុគ្គលណា(វចីសុចរិតសណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)

– មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)

– គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)

– ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋ កិច្ច)

– អង្គុយឬសិងក្នុងទីស្ងាត់ (នគរូបនីយ កម្ម)

– ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សា ធិការ)។

ទាំង៥ចំណុចខាងលើនេះ ចាត់ជា គោលនយោបាយរបស់ព្រះពុទ្ធសាសនា។

ថ្ងៃមាឃបូជាចាត់ជាថ្ងៃព្រះធម៌, ថ្ងៃ វិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ។

តើប្រារព្ធពិធីមាឃបូជាបានប្រយោជន៍អ្វីខ្លះ?

ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖

១- ពុទ្ធសាសនិកជនបានយល់ដឹង យ៉ាងត្រឹមត្រូវ ដល់សារសំខាន់នៃថ្ងៃមាឃ បូជានេះ។

២- យល់ដឹងគោលធម៌ និងគោលជំហរ របស់ព្រះពុទ្ធសាសនា។

៣- បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មា សម្ពុទ្ធជាម្ចាស់។

៤- បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។

៥- បានជួយជ្រោមជ្រែងព្រះពុទ្ធ សាសនា ឲ្យស្ថិតស្ថេរចីរកាលយូរអង្វែង។

ថ្ងៃមាឃបូជាចាត់ជាគ្រឿងពិសោធនិង វាស់វែងគុណភាពនៃពុទ្ធសាសនិកជនឲ្យឃើញថាបុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវវ្ហោះវ្ហើយកន្តើយនឹងកាតព្វ កិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើក ស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើងការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធសាសនាមិនមែនជាការងារ ធ្ងន់ធ្ងរឡើយ ។ ផ្ទុយទៅវិញជាការជួយ លើកស្ទួយគុណភាពជីវិតផ្នែកចិត្តវិញ្ញាណ របស់ខ្លួនឲ្យប្រសើរឡើងតាមគោលការណ៍ ចំណុចទី២ថា ធ្វើអំពើល្អឲ្យដល់ព្រមពោល គឺបណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុសលនោះឯង ។

សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះនិង អញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីលនិងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជានិងរំលឹកចំពោះគុណព្រះសម្មា សម្ពុទ្ធដែលព្រះអង្គបានបង្កើតព្រះពុទ្ធ សាសនាសម្រាប់ជាមាគ៌ា‌ជីវិតដល់ពួក យើងទាំងអស់គ្នា ៕ ហេង សូរិយា