ព័ត៌មានទាន់ហេតុការណ៍៖

ដាក់គុកស្ត្រីម្នាក់អស់មួយជីវិតពីបទជួលឲ្យគេសម្លាប់ប្តីខ្លួនឯង

ភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ ប្រធាន ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសស្ត្រីម្នាក់ដាក់ពន្ធនាគារអស់មួយជីវិតពីបទ ជួលឲ្យគេសម្លាប់ប្តីខ្លួនឯង ។

យោងតាមមាត្រា២០០នៃក្រមព្រហ្ម ទណ្ឌតុលាការបានចោទប្រកាន់លើជន ជាប់​ចោទ ទី១-ឈ្មោះ សូ ផា ភេទប្រុស អាយុ​២៩ឆ្នាំ ជាកូនធម៌ជនរងគ្រោះ និងទី ២-​ឈ្មោះ សៅ សំអឿន ភេទស្រី អាយុ៤៦ ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះពីបទឃាតកម្មគិតទុកជាមុនប្រព្រឹត្តលើជនរងគ្រោះឈ្មោះ កៅ ផា ភេទប្រុស អាយុ៥០ឆ្នាំ ជា អ្នករត់​តាក់ស៊ីកាលពីយប់ថ្ងៃទីថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៦កន្លងទៅ ។

នៅក្នុងសវនាការកាលពីថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៨ ជនជាប់ចោទឈ្មោះ សូ ផា បានសារភាពថា ជនជាប់ចោទឈ្មោះ សៅ សំអឿន ជាប្រពន្ធជនរងគ្រោះបាន​ ជួលខ្លួនក្នុងតម្លៃ១ពាន់ដុល្លារឲ្យសម្លាប់ប្តី និងយករថយន្តទៅផ្ទះវិញ ព្រោះខឹងជនរងគ្រោះចុះចោលប្រពន្ធកូនទៅរស់នៅជា​មួយស្រីថ្មី ។

ដោយឡែកជនជាប់ចោទឈ្មោះ សៅ សំអឿន បានទទួលស្គាល់ថា ខ្លួនពិតជា បាន​ធ្វើដូចការលើកឡើងរបស់ឈ្មោះ សូ ផា មែនព្រោះតែខឹងប្តីមានស្រីថ្មី ។

គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវ និងឃាត់ខ្លួន ក្រុមជនជាប់ចោទខាងលើបន្ទាប់ពីពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះចងផ្អោបនឹងដុំថ្មនៅក្នុងប្រឡាយទឹកស្អុយតាមបណ្តោយផ្លូវលំខាងក្រោយសួនកាណា ឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាល ពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦ ៕ ហេង​ សូរិយា