ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ឆ្នាំងដាំបាយរួចស្ត្រីម្នាក់ឆ្លៀតទៅបេះបន្លែ ឲ្យកូននៅមើល ត្រូវភ្លើងឆេះផ្ទះម៉ត់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងម្ចាស់ផ្ទះទាំងព្រឹក ខណៈផ្ទះឈើប្រក់ពីស័ង្កសី និងជញ្ជាំងស័ង្កសី ត្រូវបានអគ្គិភ័យឆេះសន្ធោរសន្ធៅ បន្ទាប់ពីម្ដាយបានឲ្យកូនប្រុសនៅមើលផ្ទះ ចំណែកខ្លួនទៅបេះបន្លែ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ម្ចាស់ផ្ទះ ដែលរងគ្រោះមានឈ្មោះ ភោគ រ៉ា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

បើតាមម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា នៅវេលាម៉ោង១០ព្រឹក គាត់បានដាក់ឆ្នាំង ដាំបាយលើចង្ក្រានដូចសព្វដង ហើយបានប្រាប់កូនប្រុស អាយុ១០ឆ្នាំ ឲ្យនៅចាំមើលផង ខណៈឆ្លៀតទៅបេះបន្លែ សម្រាប់ធ្វើម្ហូបនៅឯក្បែរផ្ទះ ។

ប្រភពបន្តថា ប្រមាណជា១៥នាទី ស្រាប់តែកូនប្រុសរត់ និងស្រែកផ្អើលថា ភ្លើងឆេះផ្ទះហើយ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងបាននាំគ្នាជួយពន្លត់ដែរ តែជួយមិនឈ្នះ ទើបរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ដែរ ប៉ុន្តែមិនអាចពន្លត់បាននោះទេ ខណៈភ្លើងឆេះពេញក្រមុំអស់ទៅហើយ ។

ប្រភពបន្តថា ផ្ទះគាត់មានបណ្តោយ៥ម៉ែត្រកន្លះ ទទឹង៤ម៉ែត្រ និងខូចខាតទ្រព្យសម្បត្តិមួយចំនួន ខោអាវអង្ករ ប៉ុន្តែមិនបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ ៕ យឹម សុថាន