ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ដាំបាយចោល រួចទៅដងទឹកអូរភ្លើងឆេះផ្ទះម៉ត់

ខេត្តពោធិ៍សាត់៖ បុរសអ្នកចម្ការម្នាក់ត្រូវបានភ្លើងចង្រ្កានរាលឆេះផ្ទះទាំងស្រុង ខណៈដាក់ដាំបាយចោលរួចដើរទៅដង ទឹកអូរខាងក្រោយផ្ទះហើយនៅពេលត្រឡប់មកវិញភ្លើងឆេះពេញក្រមុំទៅហើយ បើ ទោះម្ចាស់និងអ្នកក្បែរខាងជួយពន្លត់យ៉ាងណាក៏មិនឈ្នះអំណាចភ្លើងដែរ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលា ម៉ោង២និង៤៥នាទី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចប្រាប់ថាតាមការបញ្ជាក់ពី ម្ចាស់ផ្ទះឈ្មោះ ទឹម ធី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុនិយាយថាផ្ទះដែលត្រូវភ្លើងឆេះទំហំ៥ ម៉ែត្រគុណនឹង ៦ម៉ែត្រ សង់ពីឈើ ជញ្ជាំងបាំងក្តារដំបូលប្រក់ស័ង្កសី ។

ម្ចាស់ផ្ទះបន្តថាករណីនេះបណ្ដាលមក ពីភ្លើងចង្រ្កាន ព្រោះមុនឆេះគាត់បានបង្កាត់ភ្លើងដាក់ដាំបាយរួចដើរទៅដងទឹកអូរនៅខាងក្រោយផ្ទះហើយនៅគ្រាដែលគាត់ត្រឡប់មកវិញឃើញភ្លើងឆាបឆេះពេញ បន្ទុកទៅហើយ។ ម្ចាស់ផ្ទះបន្តទៀតថា សម្ភារខូចខាតរួមមានម៉ាសីុនកាត់ស្មៅ ចំនួន២គ្រឿង ម៉ាសីុនបាញ់ថ្នាំ១គ្រឿង និង សម្ភារប្រើប្រាស់មួយចំនួនទៀតនិយាយរួមគឺឆាបឆេះទាំងស្រុងតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យផងដែរខណៈសង្ស័យខ្លាចមានគលួចដុតហើយបានធ្វើរបាយការណ៍ជូនថ្នាក់លើដើម្បីជួយដល់ជនរងគ្រោះ ៕
ដោយ ៖ បុឹមពិន
851411161_47799