ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃលិចទឹកទំហំជាង១០០ហិកតានៅស្រុករលាប្អៀរកំពុងប្រឈមនឹងមហន្តរាយ

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីមាន អំណាចមួយក្រុមបានលបលួចដាក់កម្មករ និងយកគ្រឿងចក្រចូលឈូសឆាយទន្ទ្រាន ដីព្រៃដោយមិនមានច្បាប់ ហើយប៉ះពាល់ដីពលរដ្ឋមួយចំនួនដោយមិនរំខានដល់សមត្ថ កិច្ចពាក់ព័ន្ធ ។

សូមរំលឹកថា គ្រឿងចក្រជាច្រើនមានអេស្កាវាទ័រ អាប៊ុល និងត្រាក់ទ័រកំពុងឈូស ឆាយដីព្រៃនៅតំបន់ថ្លុកក្រឡោង ស្ថិតក្នុង ភូមិខ្លែងពរ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ។

ប្រភពបានទម្លាយឲ្យដឹងថា លោក ឧត្ដមសេនីយ៍ (ផ្កាយ៣)ម្នាក់នោះបាន ទម្លាក់លុយចំនួន១.៦០០ដុល្លារបន្ថែម សម្រាប់បង់ឲ្យខាងមេព្រៃ១.០០០ដុល្លារ និង៦០០ដុល្លារទៀតសម្រាប់រដ្ឋបាលឃុំព្រៃមូលទំនងជាត្រូវបានគេបិទមាត់ទើបបានគ្រឿងចក្រចូលឈូសឆាយទន្ទ្រានដីព្រៃសាជាថ្មីម្តងទៀត ។

ករណីនេះធ្វើឲ្យកក្រើកប្រជាពលរដ្ឋម្ចាស់កាន់កាប់ដង្ហោយសុំកិច្ចអន្តរាគមន៍ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ ខណៈមិនទាន់ត្រូវបាន អាជ្ញាធរខេត្តកំពង់ឆ្នាំងដោះស្រាយនៅ ឡើយនោះ ។

សូមបញ្ជាក់ថា កាលពីមុនការបោះឆ្នោតសមត្ថកិច្ចបានចុះឃាត់ដោយផ្អាក សកម្មភាពជាបណ្ដោះអាសន្ននៅនឹងកន្លែង ដោយរង់ចាំម្ចាស់ធ្វើច្បាប់ឲ្យបានត្រឹមត្រូវនិងដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋជាមុនសិនទើបអនុញ្ញាតឲ្យធ្វើសកម្មភាពបន្ត ។

ទោះយ៉ាងណាប្រជាពលរដ្ឋបានលើក ឡើងថា លោកឧត្ដមសេនីយ៍ខាងលើ គ្រោងឈូសឆាយរំលោភយកដីរបស់ពួកគាត់ហើយមិនទាន់បានដោះស្រាយអ៊ីចឹង ប្រសិនបើលោកអភិបាលខេត្តចេញច្បាប់អនុញ្ញាតឲ្យធ្វើសកម្មភាពឈូសឆាយ ខណៈមិនទាន់បានដោះស្រាយពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនោះជាការលើកទឹកចិត្តឲ្យអ្នកមានលុយនិងមានអំណាចឈូសឆាយរំលោភយកដីរបស់ពួកគាត់ មិនខានឡើយ ។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាគ្រឿងចក្រទាំងនេះកំពុងធ្វើសកម្មភាពឈូសឆាយនៅលើផ្ទៃដីព្រៃទំហំ១៤៤ហិកតា ខណៈពួកគេលួចឆ្មក់ចូលឈូសឆាយនៅពេលដែលអាជ្ញាធរបណ្តែត បណ្តោយនោះ ។

បើតាមមេការនៅទីតាំងឈូសឆាយដី ខាងលើឈ្មោះ កែវ ញ៉ឹប រស់នៅភូមិអណ្ដូង ប្រេង ឃុំព្រៃមូលបានអះអាងថា ម្ចាស់ដី ទី១-ឈ្មោះ មន្នី ហោរ៉ាត ទី២-ឈ្មោះ មន្នី រតនៈ ទី៣-ឈ្មោះ មន្នី សុភចរិយា និងទី៤- ឈ្មោះ មន្នី សុទ្ធីម រស់នៅរាជធានីភ្នំពេញ។

ទាក់ទងនឹងបញ្ហាទំនាស់ដីធ្លីខាងលើ អភិបាលស្រុករលាប្អៀរលោក សោម វឺន កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ដីខាងលើជាដីរបស់មន្ត្រី មានអំណាចនោះ ហើយលោកបានណែនាំឲ្យម្ចាស់ដីខាងលើសុំច្បាប់ពីភូមិ-ឃុំនិង ខេត្តរួចរាល់អស់ហើយ។ ចំពោះប្រជាពល រដ្ឋមិនមានបញ្ហានោះឡើយ ៕ ហេង សូរិយា