ព័ត៌មានទាន់ហេតុការណ៍៖

ដុតធុបមូសទុកចោលក្នុងបន្ទប់ បណ្តាលឲ្យរាលឆេះពូកផ្អើលពេញភូមិ

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋក្នុងភូមិជាច្រើនមានការភ័យស្លន់ស្លោរត់ជាន់ជើងគ្នា​ ខណៈអគ្គិភ័យមួយបានឆាបឆេះពូកនៅលើផ្ទះជាន់ទី១​ នៅភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៣រសៀលថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ។

បើតាមសម្តីលោកពូ​ សាម​ វ៉ន​ អាយុ៦៤ឆ្នាំ​ ត្រូវជាម្ចាស់ដែលអគ្គិភ័យឆាប់ឆេះបានឲ្យដឹងថា​ មុនពេលកើតហេតុកូនរបស់គាត់បានឡើងលេងនៅផ្ទះ​ នឹងបានដុតធុបមូសទុកចោល​ ហើយក៏ចុះមកលេងក្រោមផ្ទះវិញ​ ស្រាប់តែមួយសន្ទុះក្រោយមកក៏លឺសម្លេងប្រជាពលរដ្ឋស្រែកថាភ្លើងឆេះ​ផ្ទះ​គាត់​ ភ្លាមៗនោះលោកពូក៏បានឡើងទៅមើលលើផ្ទះឃើញមានអណ្តាតភ្លើងកំពុងឆេះពូកខ្នើយ​ ហើយគាត់នឹងប្រជាពលរដ្ឋជិតខាងបានសការគ្នា​យកបំពង់ពន្លត់អគ្គិភ័យនឹងតទុយយោទឹកបាញ់ស្រោចឲ្យរលត់ទៅវិញភ្លាមៗដោយមិនរាលដាលធំដុំឡើយ។

ចំពោះករណីនេះ​បានធ្វើឲ្យបងប្អូនប្រជា​ពលរដ្ឋនៅសងខាងកន្លែងកើតហេតុមានការភ័យខ្លាចយ៉ាងខ្លាំង​ព្រោះផ្ទះពួកគាត់ភាគច្រើនធ្វើអំពីឈើ​ តែសំណាងល្អដែលអគ្គិភ័យនេះបានរលត់ទៅវិញ​ ។ គួរបញ្ជាក់ថា​ពេលកើតហេតុក៏មានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចមូលដ្ឋានផងដែរ ៕ ភារ៉ា ដង្កោ