ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំ ប្រកាសថានឹងពិភាក្សាដោយគ្មានលក្ខខណ្ឌជាមួយអុីរ៉ង់

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកបានត្រៀមលក្ខណរួចរាល់សម្រាប់ជួបពិភាក្សាជាមួយប្រធានាធិបតីអុីរ៉ង់ដោយគ្មានលក្ខណ្ឌ ដើម្បីដោះស្រាយបញ្ហាវិវាទកែប្រែទំនាក់ទំនងឡើងវិញ ក្រោយការប្រឈមមុខតានតឹងបន្ទាប់ពីលោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងសន្នីសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអុីតាលី លោក Giuseppe conte នៅសេតវិមាន លោក ត្រាំ បានលើកឡើងថា លោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអុីរ៉ង់ លោក ហាសសាន រ៉ូហានី នៅពេលអនាគត។

លោក ត្រាំ បានបញ្ជាក់ថា «ខ្ញុំនឹងជួបជាមួយមេដឹកនាំអុីរ៉ង់ប្រសិនបើពួកគាត់ចងជួប ប៉ុន្តែខ្ញុំមិនដឹងថា ពួកគាត់បានត្រៀមលក្ខណរួចរាល់ហើយឬនៅ? ការដែលខ្ញុំបញ្ចប់កិច្ចព្រមព្រៀងជាមួយអុីរ៉ង់ ដោយសារតែកិច្ចព្រមព្រៀងនោះគ្មានតម្លៃ។ ខ្ញុំជឿជាក់ថា ពួកគេមានបំណងចង់ជួបខ្ញុំ ហើយខ្ញុំបានត្រៀមលក្ខណរង់ចាំជួបនៅពេលណាដែលពួកគាត់ចង់»។ លោកបន្តទៀតថា លោកមិនបានដាក់លក្ខណ្ឌណាមួយពីជំនួបនោះឡើយ។

ប្រធានាធិបតី ដូណាល់ ត្រាំ បន្តទៀតថា ប្រសិនបើមានជំនួបជាមួយអុីរ៉ង់នោះ នឹងល្អគ្រប់យ៉ាងសម្រាប់អាមេរិក អុីរ៉ង់ និងពិភពលោកទាំងមូល។

ការលើកឡើងរបស់លោក ត្រាំ កើតឡើងក្រោយពេលដែលមានការរិះគន់ប្រធានាធិបតីអុីរ៉ង់ លោក រ៉ូហានី យ៉ាងខ្លាំងតាមបណ្តាញសង្គម «កុំគំរាមអាមេរិកជាថ្មីប្តងទៀត អ្នកនឹងត្រូវទទួលនៅលទ្ធផលអាក្រក់ដែលធ្លាប់ទទួលរងកាលពីអតីតកាល»។

អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោក Bahram Qasemi បានប្រកាសនៅក្នុងសន្នីសីទកាសែតកាលពីថ្ងៃទី៣០ ខែកក្កដាថា «ចំពោះអាមេរិក គោលនយោបាយបច្ចុប្បន្ន ប្រាកដជាមិនអាចចូលរួមនៅក្នុងកិច្ចពិភាក្សាបានឡើង ដោយអាមេរិកបានធ្វើសកម្មភាពដែលមិនធ្វើឲ្យមានការជឿងជាក់នោះឡើយ។

លោក Qasemi បានរិះគន់អាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ហើយបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសអុីរ៉ង់។ សកម្មភាពទាំងនោះ បានរារាំងរាល់កិច្ចពិភាក្សាជាមួយអាមេរិក៕ ម៉ែវ សាធី