ព័ត៌មានទាន់ហេតុការណ៍៖

ដើមធ្នង់យក្សប្រជាពលរដ្ឋមានការព្រួយបារម្ភសុំឲ្យអាជ្ញាធរជួយការពារ

ខេត្តកំពង់ធំៈ ប្រជាពលរដ្ឋ និងសិស្សានុសិស្សបឋមសិក្សាងន ឃុំ ងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បាននាំគ្នាសម្តែងការព្រួយបារម្ភ ថាដើមធ្នង់យក្យមួយដើមដែលបានដុះនៅក្នុងបរិវេណសាលា មកជាយូរណាស់មកហើយ និងជាច្រើនជំនាន់ ខណៈពេលដែលឈើប្រភេទឈើធ្នង់ កាន់តែមានតម្លៃ ឈ្មួញកាន់តែស្រក់ទឹកមាត់ចង់បានឈើមានតម្លៃ ទៅគ្រប់គ្រងសិស្សានុសិស្សបាននាំគ្នាកាន់ដៃគ្នាជុំវិញដើមធ្នង់យក្យនេះ បញ្ជាក់ពីក្តីស្រឡាញ់ និងហាមមិនឲ្យមានការ ប៉ះពាល់ទ្រព្យសម្បត្តិរបស់ពួកគេ។

លោក គ្រូ បង្រៀននៅសាលាបឋមសិក្សា ងន បានឲ្យដឹងថា គាត់ក៏មិនដឹងថា ដើមឈើធ្នង់យក្សនេះ មានអាយុប៉ុន្មាន ហើយនោះទេ គ្រាន់តែដឹងថាគាត់កើតមក ឃើញដើមធ្នង់ហ្នឹង រហូតមកដល់បច្ចុប្បន្នគាត់មានអាយុ ជាង៥០ឆ្នាំហើយ តែឃើញដើមធ្នងនេះនៅតែប៉ុណ្ណឹង បើតាមប៉ាន់ស្មាន ប្រហែលជាង១០០ឆ្នាំហើយ លោកបានបញ្ជាក់ថា សព្វថ្ងៃនេះ ទាំងប្រជាពលរដ្ឋ ទាំងសិស្ស មានការព្រួយបារម្ភណ៍ ខ្លាចមានគេមកលួចកាប់ លួចអារ ទើបសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយការពារផង ព្រោះនេះជាទ្រព្យសម្បត្តិរបស់សាលារៀន ដោយកន្លងមកមានការលួចអារដែរ តែមានគុណលោកតាជួយ ធ្វើឲ្យម៉ាស៊ីនរលត់មិនអាចធ្វើសកម្មភាពបាន។

លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ធ្លាប់បានមានប្រសាសន៍ថា នៅក្នុងពិធីសំណេះសំណាលមួយ បានបញ្ជាក់ថា សង្គមបច្ចុប្បន្នវាក្រឡាប់ចក្រ កាលពីមុន ប្រជាពលរដ្ឋខ្មែរ ប្រកាន់ភ្ជាប់ ហាមមិនឲ្យមានការយកឈើព្រៃ ដែលមានដុះពក ដុះខ្មែង ក្រម៉េងក្រម៉ោង ចូលមកក្នុងផ្ទះ ឬយកមកធ្វើគ្រឿងប្រដាប់ គ្រឿងសង្ហារឹមជាដើម ដោយអះអាងថាវាធ្វើឲ្យចង្រៃ មានខ្មោចបិសាចមកកាន់ រកស៊ីមិនបាន ព្រមទាំងធ្វើឲ្យគ្រួសារ បែកបាក់ តែសម័យបច្ចុប្បន្ន ឈើគ្រប់ប្រភេទ មិនថាឈើគ្មានតំលៃ ឬឈើមានតំលៃ ឲ្យតែមានដុះពកច្រើន រឹតតែត្រូវ បាន់ តែបើឈើមានតំលៃវិញ គឺរឹតតែល្អ និងមានតំលៃខ្ពស់ គេទិញយកមកច្នៃប្រឌិតជារូបគ្រប់សព្វបែបយ៉ាង វាបែរជាផ្ទុយគ្នាទៅវិញ។

លោក សុខ លូ ប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ បានសំណូមពរឲ្យ ជួយគ្នាថែរក្សាដើមធ្នង់យក្យដែល មានទំហំគល់៦ម៉ែត្រ និងកំពស់ជាង២០ម៉ែត្រ នៅគល់មានដុះពកយ៉ាងច្រើន និងមាន លក្ខណៈល្អប្រណិត ដែលបានដុះនៅជាគូរជាមួយប្រជាពលរដ្ឋភូមិ ងន ឃុំ ងន រាប់រយឆ្នាំមកហើយ និងសុំឲ្យបងៗ ពូមីង និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មេត្តាជួយថែរក្សា និងការពារឲ្យផង ព្រោះជាដើមឈើដែលកម្រនិងមានណាស់ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋបាន សង់ខ្ទមអ្នកតានៅទីនោះ ដើម្បីការពារ និងត្រូវបានប្រជាពលរដ្ឋ គោរពប្រនិបត្តិបូជា ជារៀងរាល់ថ្ងៃ៕ ប៊ុន រិទ្ធី
tr5
656

wre