ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ដើរចេញពីផ្ទះទៅទិញថ្នាំត្រូវចោរឆក់កាបូបយកទៅបាត់

ភ្នំពេញ៖ ស្ត្រីម្នាក់ដើរចេញពីផ្ទះទៅទិញថ្នាំលេប ត្រូវជនសង្ស័យម្នាក់បើកម៉ូតូមកពីក្រោយឆក់កាបូបបានសម្រេរួចបើកគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២៣០ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្តីពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដើរចេញពីផ្ទះបំណងទៅទិញថ្នាំលេប ខណៈដើរចេញបានបន្តិចស្រាប់តែមានជនសង្ស័យម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ មកពីក្រោយឆក់កាបូបដែលកាន់នៅនឹងដៃបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះបានបន្តទៀតថា កាបូបដែលត្រូវចោរឆក់យកទៅបាត់នោះបានបាត់ទ្រព្យសម្បត្តិរួមមានទូរសព្ទម៉ាកអាយហ្វូនអេស១គ្រឿង កាតATM១ ប៉ាស្ព័រ១ អត្តសញ្ញាណបណ្ណ័១ និងលុយ៥០ដុល្លារ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាងដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ