ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆ្លងផ្លូវចេញពីកោសខ្យល់ត្រូវរថយន្តបុករងរបួសធ្ងន់ហើយត្រូវរថយន្តមួយគ្រឿងទៀតកិនថែមស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់មិនសូវស្រួលខ្លួន ក៏ដើរទៅឲ្យគេកោសខ្យល់ ហើយបានដើរឆ្លងផ្លូវមកវិញ ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុកបណ្តាលឲ្យរងរបួសធ្ងន់ ។ ពេលនោះ រថយន្តបង្កបានគេចខ្លួនបាត់ មួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀតមកកិនថែមបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមមតុំលក់សាច់ក្រក តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះអាត់ ផាន់ ភេទប្រុសអាយុ៦៧ឆ្នាំ ស្នាក់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមិនសូវស្រួលខ្លួន ក៏បានដើរចេញពីផ្ទះដើម្បីមករកឲ្យគេកោសខ្យល់ឲ្យនៅកន្លែងម៉ាស្សា ដោយនៅមិនឆ្ងាយពីផ្ទះប៉ុន្នានទេ ។ ពេលកោសរួច ក៏បានដើរចេញមកវិញឆ្លងផ្លូវបំណងទៅផ្ទះវិញ ខណៈមកដល់ពាក់កណ្តាលផ្លូវ ដោយសារផ្លូវងងឹតផងនោះ ក៏ត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងបើកមកបុកបណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ ចំណែកជនរងគ្រោះនៅដេកដួលលើផ្លូវ ដោយពុំមានអ្នកណាម្នាក់មកជួយលើកចេញពីកន្លែងកើតហេតុ។

មួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត បើកមកកិនបន្ថែមបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័ ហើយរថយន្តបង្កក៏បើកគេចខ្លួនបាត់ទៀត ទើបត្រូវអ្នកដំណើរឃើញរាយកាណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ និងទំនាក់ទំនងទៅក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ