ព័ត៌មានទាន់ហេតុការណ៍៖

ដើរតាមកន្លងអាមេរិកអុីស្រាអែលបានប្រកាសដកខ្លួនចេញពីអង្គការ UNESCO

កាលពីថ្ងៃទី១២ ខែតុលា នាយករដ្ឋ មន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ប្រទេសរបស់លោកនឹងដកខ្លួនចេញពីអង្គការអប់រំវិទ្យាសាស្ត្រ និងវិប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ UNESCO។ ការប្រកាសខាងលើ របស់មេដឹកនាំអុីស្រាអែលកើតឡើងក្រោយ ពេលដែលអាមេរិកបានសម្រេចដកខ្លួន ចេញដូចគ្នា។

ការិយាល័យនាយករដ្ឋមន្ត្រីអុីស្រាអែល បានចេញសេចក្តីប្រកាស ដោយក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា នាយករដ្ឋមន្ត្រី នេតាន់ យ៉ាហ៊ូ បានស្នើដល់ក្រសួងការ បរទេសអុីស្រាអែលរៀបចំបែបបទដើម្បីចាកចេញពីអង្គការ UNESCO រួមជាមួយ អាមេរិក។ នៅក្នុងសេចក្តីប្រកាសនោះដែរ លោកនាយករដ្ឋមន្ត្រីអុីស្រាអែលបានអបអរសាទរដល់ការចាកចេញពី UNESCO របស់ប្រធានាធិបតីអាមេរិក។

ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានបញ្ជាក់ថា រដ្ឋាភិបាល ទីក្រុងឡុងនៅតែបន្តចូលរួមជាមួយអង្គការ UNESCO ដដែល បើទោះបីអាមេរិកបានសម្រេចដកខ្លួនចេញពីអង្គការមួយនេះក្តី។ អង់គ្លេសនឹងបន្តសហការជាមួយ UNESCO ក៏ដូចជាសមាជិកដទៃទៀត ចូលរួមការងារដ៏សំខាន់របស់អង្គការពិភពលោកមួយនេះ។

ចំណែកក្រសួងការបរទេសបារាំង បានបង្ហាញការសោកស្តាយដែលអាមេរិកបានសម្រេចដកខ្លួនចេញពីអង្គការ UNESCO ក្នុងពេលដែលអង្គការនេះ បានដើរតួនាទីយ៉ាងសំខាន់ជាងពេលនានាទាំងអស់នៅលើពិភពលោក។

នៅក្នុងសកម្មភាពមួយផ្សេងទៀត ប្រភពព័ត៌មានពី UNESCO បានបញ្ជាក់ថា ចិន និងលីបង់ បានដកបេក្ខភាពប្រកួត ប្រជែងតំណែងប្រធានអង្គការ UNESCO ។

ពាក់ព័ន្ធនឹងការដកខ្លួនចេញពីអង្គការ UNESCO តាមលោកស្រី អ៊ីរីណា បូកូវ៉ា អគ្គនាយិកាអង្គការយូណេស្កូ អង្គការបាន ទទួលរួចហើយ លិខិតសុំដកខ្លួនជាផ្លូវការ ពីទីក្រុងវ៉ាស៊ីនតោន។ ទស្សនាវដ្តីអាមេ រិកាំងធ្លាប់បានចុះផ្សាយហើយថា អាមេរិក នឹងប្រកាសដកខ្លួន នៅក្រោយការបោះ ឆ្នោត ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី របស់អង្គការយូណេស្កូ ដែលគេនឹងដឹង យ៉ាងយូរបំផុត នៅថ្ងៃសុក្រម្សិលមិញ។

អគ្គនាយិការរបស់អង្គការយូណេស្កូបានសម្ដែងការសោកស្តាយជាពន់ពេក ដែលអាមេរិកសម្រេចចិត្តដកខ្លួនចេញពីស្ថាប័នដែលធ្វើការទៅលើផ្នែកអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌។ នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍កន្លងទៅ អគ្គនាយិកាអង្គការយូណេស្កូបាននិយាយថា លោកស្រី បានទទួលលិខិតសុំដកខ្លួនជាផ្លូវការពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រេច ធីល័រ សុន។

NKD-36x6_outline

ជាសម្ពន្ធមិត្តរបស់អ៊ីស្រាអែល អាមេរិក ដែលធ្លាប់បានដើរចេញពីអង្គការយូណេស្កូ ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ២០០៣ បានកាត់ ផ្តាច់ជំនួយ លែងផ្តល់វិភាគទានហិរញ្ញវត្ថុ ដល់អង្គការយូណេស្កូ តាំងពីឆ្នាំ២០១១ ដើម្បីប្រឆាំងជំទាស់នឹងការរើសបញ្ចូល ប៉ាឡេស្ទីនជាសមាជិករបស់អង្គការយូណេស្កូ។ កាលនោះ ប្រធានអង្គការយូណេស្កូ ធ្លាប់បានបញ្ជាក់ពីសារសំខាន់ នៃការត្រូវ ការគ្នាទៅវិញ ទៅមករវាងអង្គការយូណេស្កូ នឹងសហរដ្ឋអាមេរិក។ សម្រាប់លោកស្រី នាយិកាយូណេស្កូ តម្រូវការនេះកាន់តែចាំបាច់នាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបនឹង ការគំរាមកំហែងរបស់ក្រុមជ្រុលនិយម ហិង្សា ហើយនិងក្រុមភេរវជន ដែលចេះ តែបង្កើនកម្លាំងបំផ្លាញមិនឈប់។

“នៅចំពោះមុខនៃការកើនឡើងនៃការស្អប់ឈ្នានីស និងអំពើហិង្សា ការអប់រំ បណ្តុះបណ្តាលមនុស្ស គឺជាបេសកកម្ម ដ៏សំខាន់ របស់អង្គការយូណេស្កូ ដើម្បី កសាងសន្តិភាព និងសន្តិសុខអន្តរជាតិ សម្រាប់ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ មនុស្ស”។ នេះជាការបញ្ជាក់របស់លោក ស្រី អ៊ីរីណា បូកូវ៉ា។

ឈ្មោះ Foreign policy សរសេរថា ការរឹតត្បិត ថវិកាជាតិអាមេរិកជាហេតុផល មួយ ក៏ប៉ុន្តែ គឺជានិន្នាការប្រឆាំងអ៊ីស្រា អែល សម្ពន្ធមិត្តរបស់អាមេរិក នៅក្នុង ស្ថាប័នយូណេស្កូ ដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនសម្រេចដកខ្លួនចេញពីសមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូណេស្កូ។ បន្ទាប់ពីនេះ អាមេរិកមានឋានៈត្រឹមជា ប្រទេសសង្កេតការណ៍តែប៉ុណ្ណោះ នៅក្នុង អង្គការយូណេស្កូ។

សម្រាប់មន្រ្តីទូតម្នាក់របស់អង្គការយូណេស្កូ ការដកខ្លួនរបស់អាមេរិក ជាការ បាត់បង់មួយដ៏ធំសម្បើម។ វាមិនមែនមានតែរឿងលុយតែមួយមុខនោះទេ។ ការដក ខ្លួនរបស់អាមេរិក ដែលជាប្រទេសមហា អំណាចលើលោក នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការជំរុញ លើកកម្ពស់ការអប់រំ វប្បធម៌ ដែលជាវិស័យផ្លូវដង្ហើមរបស់អាមេរិក។

ការដកខ្លួនរបស់អាមេរិកចេញពីស្ថាប័ន អន្តរជាតិយូណេស្កូ មិនមែនជាសញ្ញាល្អឡើយសម្រាប់ប្រទេសដៃគូរបស់អាមេរិក ជាពិសេសនៅក្នុងពេលដែលអង្គការ យូណេស្កូកំពុងត្រូវការជំនួយ និងការគាំទ្រ ដោយមិនអាចខានបាន។ គួរបញ្ជាក់ថា នៅក្នុងហេតុផលដាច់ដោយឡែក អង់គ្លេស ជប៉ុន និងប្រេស៊ីល នៅមិនទាន់បានបង់ វិភាគទានហិរញ្ញវត្ថុនៅឡើយទេ សម្រាប់ ឆ្នាំ២០១៧៕ ម៉ែវ សាធី