ព័ត៌មានទាន់ហេតុការណ៍៖

ដេញតាមចោរលួចរថយន្តឃាត់បានតែរថយន្តឯជនសង្ស័យរត់គេចខ្លួនបាត់

ភ្នំពេញ៖ មានករណីចោរលួចរថយន្ត១ តោនកន្លះរបស់ឈ្មោះ ថៃ ផល្លី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរដេគ័រ កាត់កញ្ចក់ និងដំឡើងទ្វារនៅផ្ទះលេខ២៤ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក កាលពីវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦  រថយន្តដែលត្រូវចោរលួចប្រភេទ ហ៊ីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ៩៨ ស្លាកលេខភ្នំពេញ ២P-២៨២៤។
បើតាមសម្តីម្ចាស់រថយន្ត បានឲ្យដឹងថា នៅយប់កើតហេតុ គាត់បានចតរថយន្តទុក នៅមុខផ្ទះ ដោយមានសម្ភារមួយចំនួនមាន កញ្ចក់ ម៉ាសុីនភ្លើង ម៉ាសុីនខ្យល់ និងសម្ភារ មួយចំនួនទៀត សម្រាប់ចេញទៅធ្វើការនៅ ថ្ងៃស្អែក ប៉ុន្តែនៅម៉ោងពេលខាងលើក៏ ស្រាប់តឮសំឡេងបញ្ឆេះរថយន្ត ទើបមានការភ្ញាក់ផ្អើលស្រែកឆោរឡោឡើង ថា មានចោរលួចរថយន្ត ក្នុងពេលនោះដែរ មានអ្នកបើករថយន្តគ្លីនិចគឹមសុង ដែលនៅក្បែរ នោះបានឮហើយចេញមកមើលបានឃើញពួកចោរកំពុងបើករថយន្តចេញទៅ។
តាមអ្នកបើករថយន្តគ្លីនិចគឹមសុង បានឲ្យដឹងថា ពេលឃើញដូច្នេះខ្លួនបានបើករថយន្តសង្រ្គោះ ដេញតាមក្រោយរហូតមកដល់ ផ្លូវ៥៩៨ ត្រង់ចំណុចក្រុម៤ ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវម៉ោង២និង២៨នាទី ពួកចោរបានឈប់រថយន្ត ចំណែកក្រុមអ្នកដេញតាមក៏ឈប់រថយន្តក្បែរនោះ តែមិនហ៊ានចូលទៅជិតដោយខ្លាចពួកចោរមានអាវុធ ទើបជាឱកាសឲ្យពួកចោរគេចខ្លួន។
ក្រោយមក នគរបាលបានមកដល់ ហើយបានសួរនាំទាក់ទងនឹងករណីនេះ បន្ទាប់ មកនគរបាល បានឲ្យម្ចាស់រថយន្តយកឯកសារមកផ្ទៀងផ្ទាត់ ឃើញថាមានភាពត្រឹម ត្រូវ ទើប្រគល់រថយន្តជូនទៅម្ចាស់វិញ ហើយបានណែនាំឲ្យដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលកន្លែងកើតហេតុ៕ដោយ៖ សហការី

13249498_1682127065367490_1122934645_n