ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូលក់ខ្សាច់២កន្លែងនៅព្រែកថ្មីធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់និងបរិស្ថាន

ភ្នំពេញ ៖ ដេប៉ូលក់ខ្សាច់២កន្លែង មានទីតាំងតាមបណ្តោយផ្លូវលេខ១១០ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កំពុងធ្វើឲ្យអ្នកដំណើរនិងប្រជាពលរដ្ឋរិះគន់ ដោយសារតែនៅចំពីមុខដេប៉ូពោរពេញទៅដោយដីខ្សាច់ធ្លាក់មកលើផ្លូវប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងបរិស្ថាន ចំណែករថយន្តដឹកខ្សាច់ចេញពីដេប៉ូធ្វើអស់មានគ្របកៅស៊ូតង់ឡើយ ដែលជាហេតុធ្វើឲ្យដីខ្សាច់ប៉ើងខ្ទាត់ហុយមកលើអ្នកដំណើរ ។

ដេប៉ូលក់ខ្សាច់ទី១មានទីតាំងនៅតាមបណ្តោយផ្លូវលេខ១១០ ជាប់មាត់ព្រែកអ្នកតាវាំង ក្នុងសង្កាត់ព្រែកថ្មី ព្រំប្រទល់រវាងខណ្ឌ ច្បារអំពៅនិងស្រុកកៀនស្វាយ ។ ដេប៉ូលក់ខ្សាច់នេះបានបើកធ្វើអាជីវកម្មយូមកហើយ កន្លងមកអាជ្ញាធរខណ្ឌធ្លាប់បានចុះទៅត្រួតពិនិត្យនិងណែនាំឲ្យអនុវត្តតាមគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅ តែហាក់ដូចជាធ្វើបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ។ ឥឡូវនេះនៅមុខដេប៉ូលក់ខ្សាច់ពោពេញទៅដោយដីខ្សាច់ពេញផ្លូវប៉ើងហុយមកលើអ្នកដំណើរ ចំណែករថយន្តដឹកខ្សាច់ទាំងតូច ទាំងធំ មិនគ្របកៅស៊ូតង់ឡើយ ហើយថែមទាំងដឹកខ្សាច់សើមហូរទឹកលាយខ្សាច់ធ្លាក់មកលើផ្លូវទៀតផង ។

ដោយឡែក ដេប៉ូលក់ខ្សាច់ទី២ មានទីតាំងនៅតាមបណ្តោយផ្លូវលេខ១១០ ចំងាយ១០០ម៉ែត្រពីស្ពាន់ព្រែកសំរោង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក៍កំពុងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងបរិស្ថានផងដែរ ។ ដេប៉ូលក់ខ្សាច់ទី២នេះនៅជាប់ចិញ្ចើមចិញ្ចើមផ្លូវលេខ១១០ ពេលរថយន្តចូលដឹកខ្សាច់ម្តងៗឈប់ចតនៅចិញ្ចើមផ្លូវដោយមិនគិតពីបញ្ហាគ្រោះថ្នាក់ចរាចរដល់អ្នកដំណើរទាល់តែសោះ ។

ដូចឃើញក្នុងរូបភាពនេះនៅចំពីមុខដេប៉ូលក់ខ្សាច់ទាំង២ទីតាំង ពោពេញទៅដោយដីខ្សាច់កំពប់មកលើផ្លូវធ្វើឲ្យសណ្តាប់សាធារណៈនិងបរិស្ថាន នៅលើផ្លូវលេខ១១០បាត់បងស្ទើទាំងស្រុង ។ ថ្ងៃណាក៍ដូចថ្ងៃណាដែរអ្នកដំណើរឆ្លងកាត់ផ្លូវលេខ១១០តែងតែរិះគន់មកលើអាជ្ញាធរសង្កាត់និងខណ្ឌ ព្រោះតែម្ចាស់ដេប៉ូលក់ខ្សាច់ទាំង២ទីតាំងនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនិងបរិស្ថាន ។

ពេលអ្នកយកព័ត៌មានថតពីទីតាំងមុខដេប៉ូលក់ខ្សាច់ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ស្រាប់មេការដេប៉ូលក់ខ្សាច់នៅកោះក្របីជិតស្ពានព្រែតសំរោងចេញមកប្រាប់ថា កម្មករដេប៉ូបោសសម្អាត់ផ្លូវស្ទើររាល់ថ្ងៃបើសិនមិនបោសទេ ប្រជាពលរដ្ឋប្តឹងងាប់ បើចង់ស្អាតថែមទៀតសូមលោកឯងមកជួយបោសសម្អាតផង គ្រាន់តែប៉ះពាល់សណ្តាប់ធ្នាប់តិចតួចក៍ថតផ្សាយដែរ ។

ដើម្បីបញ្ជៀសបានពីការរិះគន់ដើម្បីកែលម្អ ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌច្បារអំពៅគួរតែចាត់រដ្ឋបាលឲ្យបានតឹងរឹងទៅលើម្ចាស់ដេប៉ូលក់ខ្សាច់ទាំង២ទីតាំងនេះផង ៕ សណ្តោស