ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារភ្លើងប្រចណ្ឌបុរសជាប្តីបំផ្ទុះគ្រាប់ធ្វើអត្តឃាតស្លាប់ទាំង២នាក់ប្តីប្រពន្ធបន្សល់ទុកកូន៤នាក់ឲ្យនៅកំព្រាគ្មានទីពឹង

ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងកាលពីព្រឹកថ្ងៃពុធ ១១ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ថា ក្រោយកើតមានករណីបុរស ម្នាក់សម្រេចបញ្ចប់ជីវិតខ្លួននិងប្រពន្ធដោយបំផ្ទុះគ្រាប់ធ្វើអត្តឃាតស្លាប់យ៉ាងអាណោចអាធ័មនោះគឺបានបន្សល់ទុកកូនកំព្រា ប្រុស-ស្រីរហូតដល់៤នាក់រស់តែលតោលរកទីពឹងគ្មាន ។

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨នោះដែរលោក ស្វាយ សំអ៊ាង អភិ បាលខេត្តមណ្ឌលគិរីបានចាត់ចែងឲ្យក្រុមការងារខេត្តនាំយកថវិកាមួយចំនួនជាថវិកាផ្ទាល់របស់លោករួមជាមួយគ្រឿងបរិភោគ និងសម្ភារមួយចំនួនរបស់មន្រ្តីរាជការទៅ ឧបត្ថម្ភគ្រួសារសពខាងលើនិងកូនៗកំព្រាចំនួន៤នាក់ដែលមានប្រុស៣នាក់ ស្រីម្នាក់ ដើម្បីចាត់ចែងដោះស្រាយជីវភាព ។

ស្ត្រីចំណាស់ម្នាក់ឈ្មោះ ម៉ា ចន្ធូ អាយុ ៥០ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងកំព្រាទាំង៤នាក់បានថ្លែងអំណរគុណចំពោះលោក អភិបាលខេត្ត និងក្រុមការងារយ៉ាងខ្លាំង រាល់ជំនួយឧបត្ថម្ភដ៏មានតម្លៃជូនដល់ក្រុមគ្រួសាររបស់អ្នកស្រីគ្រាដែលកំពុងមាន ទុក្ខនាពេលនេះ ។

ជីដូនរូបនេះក៏បានអំពាវនាវផងដែរ ដល់បងប្អូនសប្បុរសជនទាំងអស់ដែល មានចិត្តធម៌ដ៏សប្បុរសសូមមេត្តាជួយគាត់ផង ព្រោះចៅៗកំព្រាទាំង៤នាក់ ទី១-ឈ្មោះ រស់ ផាត់ថៃ ភេទប្រុស អាយុ១៧ឆ្នាំ, ទី២-ឈ្មោះ រស់ កឹមថេង ភេទប្រុស អាយុ១៤ ឆ្នាំ, ទី៣-ឈ្មោះ រស់ សុខលាង ភេទស្រី អាយុ៩ឆ្នាំ និងទី៤-ឈ្មោះ រស់ សុខឡា ភេទប្រុស អាយុ៨ឆ្នាំ ដែលពីថ្ងៃនេះទៅមុខ ពួកគេត្រូវគាត់(ជីដូន)ជាអ្នកមើលថែទាំង ស្រុង។ជីដូនក្មេងៗរូបនេះក៏បានត្អូញត្អែរថា សព្វថ្ងៃសុខភាពរបស់គាត់ផ្ទាល់ក៏ពុំល្អប្រសើរប៉ុន្មានដែរ ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាង និងសមត្ថកិច្ចដោយប្រទះឃើញប្តីប្រពន្ធ មួយគូដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនដោយសារបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតស្ថិតនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ការនគរបាលខេត្តមណ្ឌលគិរីបានឱ្យដឹង ថា សម្រាប់ដំណើររឿងនៃការធ្វើអត្តឃាតនេះមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើងទេគឺ រង់ចាំមន្ត្រីជំនាញរបស់ស្នងការដ្ឋានសហការជាមួយមន្ត្រីមូលដ្ឋានលើករណីនេះ។

លោកស្នងការខេត្តបានបន្តថា ដំណើរ រឿងរហូតដល់បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតទាំងប្តី-ប្រពន្ធនេះមិនទាន់បានបញ្ជាក់ឱ្យ ច្បាស់ពីសមត្ថកិច្ចជំនាញណាមួយនៅ ឡើយទេ និងអត្តសញ្ញាណរបស់ជនរងគ្រោះទាំង២ក៏មិនទាន់ដឹងនៅឡើយដែរ។

លោក ឡេវ វិបុល នាយប៉ុស្តិ៍នគរបាល ឃុំចុងផ្លាស់បានបញ្ជាក់ឱ្យដឹងថា ប្តីនិង ប្រពន្ធខាងលើដែលបានស្លាប់ក្នុងហេតុ ការណ៍នោះគឺប្តីឈ្មោះ ស៊ីម ធីប អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ ភូមិព្រៃពោន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងប្រពន្ធឈ្មោះ នឿន ឡែន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះ សូទិន ខេត្តកំពង់ចាម ។

នាយប៉ុស្តិ៍នគរបាលឃុំចុងផ្លាស់បាន បញ្ជាក់ថា ករណីខាងលើនេះពិតជាការធ្វើអត្តឃាតប្រាកដមែន។ បន្ទាប់ពីកម្លាំងនគរ បាលជំនាញ និងនគរបាលនៅមូលដ្ឋាន ពិនិត្យរួចរាល់ហើយក៏បានប្រគល់សពជន រងគ្រោះទាំង២នាក់ប្តីប្រពន្ធទៅសាច់ញាតិ យកទៅចាត់ចែងធ្វើបុណ្យនៅវត្តព្រៃមាស។

បើតាមការអះអាងពីអ្នកស្រុកបានឱ្យ ដឹងថា ជាញឹកញាប់ប្តីប្រពន្ធខាងលើតែងតែឈ្លោះប្រកែកគ្នាមិនសូវលស់ថ្ងៃឡើយ។ បុរសជាប្តីមានស្រី និងប្រពន្ធច្រើនដែលជាធាតុផ្សំបង្កើតឱ្យមានភាគីប្រពន្ធប្រចណ្ឌប្តី និងធ្វើឲ្យប្រពន្ធនោះតែងតែបង្កើតជម្លោះជាហូរហែ។

អ្នកស្រុកដែលបានដឹងរឿងរ៉ាវប្តីប្រពន្ធខាងលើបានបន្តថា បុរសជាប្តីត្រូវបានអ្នកស្រុកជួយសង្គ្រោះ៣លើកមកហើយគឺលើកទី១ ផឹកទឹកអាស៊ីត លើកទី២ ផឹកថ្នាំកណ្តុរ លើកទី៣ចងក។ ទាំង៣លើកនេះមិនបាន ស្លាប់ទេ ព្រោះអ្នកស្រុកជួយសង្គ្រោះទាន់ពេលវេលា។ ដោយឡែកលើកទី៣នេះបុរស នេះបានធ្វើអត្តឃាតបានសម្រេចដោយសារប្តីបានចងគ្រាប់បែកជាប់នឹងខ្លួនហើយឱបប្រពន្ធគ្មានអ្នកស្រុកអ្នកភូមិណាហ៊ានចូលទៅជួយសង្គ្រោះនោះឡើយ ។

ស្នូរគ្រាប់បែកបានលាន់ឮដូចរន្ទះធ្វើឱ្យផ្អើលអ្នកនៅក្បែរខាង ប៉ុន្តែមិនមែនរន្ទះ នោះទេគឺជាគ្រាប់បែករបស់ប្តីធ្វើអត្តឃាតជាមួយប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុតែម្តងដោយកម្លាំងគ្រាប់បែក បានហែកដាច់សាច់ជាបំណែកៗ។ អ្នកភូមិ នៅទីនោះមានការអាណិតអាសូរចំពោះ កូនៗចំនួន៤នាក់នៅក្នុងបន្ទុកនោះយ៉ាងខ្លាំងដែលពីថ្ងៃនេះទៅមិនដឹងពួកគេរំពឹងថា រស់បានដោយសារពឹងផ្អែកលើអ្វីនោះឡើយ ៕ ហេង នរិន្ទ្រ