ព័ត៌មានទាន់ហេតុការណ៍៖

ដោយ​យល់​ថា​ទោស​ធ្ងន់​ពេក​គ្មាន​ឱកាស​កែប្រែ​កំហុស ជួប​ សម្លាប់​ ប្តឹង​ឧទ្ធរណ៍​ ​

ភ្នំពេញ៖ ទីបំផុត​ អឿត​ អាង​ ហៅ​ជួប​ សម្លាប់​ សម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍​ ដើម្បី​ប្រឆាំង​នឹង​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។​ ជនជាប់ចោទ​ អះអាងថា​ ទោស​មួយ​ជីវិត​នេះ​ ធ្ងន់ធ្ងរ​ពេក​ ដែល​ធ្វើ​ឲ្យ​គេ​គ្មាន​ឱកាស​កែប្រែ​កំហុស​ រឿង​ក្តី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ។

មេធាវី​ការពារ​ក្ដី​ជួប​ សម្លាប់​ គឺ​ លោក​ យុង​ ផានិត​ ថ្លែង​ប្រាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៧​ ថា​ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២០​ ខែ​មេសា​ តាម​ឆន្ទៈ​របស់​កូន​ក្តី​ ។​ លោក​មេធាវី​ អះអាង​ថា​ មូលហេតុ​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​នេះ​ ដោយសារ​ជួប​ សម្លាប់​ យល់​ថា​ ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ គឺ​ ធ្ងន់ធ្ងរ​ពេក​ដែល​ធ្វើ​ឲ្យ​គេ​គ្មាន​ឱកាស​កែប្រែ​កំហុស​ ហើយ​គេ​សង្ឃឹម​ថា​ សាលាឧទ្ធរណ៍​នឹង​ផ្តល់​ស្ថាន​សម្រាល​ទោស​ដល់​រូប​គេ​ ។

គួរ​បញ្ជាក់​ថា​ ជនជាប់ចោទ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧​ ផ្តន្ទា​ទោស​អស់​មួយ​ជីវិត​ ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​បទ​រក្សា​ទុក​អាវុធ​ខុសច្បាប់​ តាម​មាត្រា​២០០និង​មាត្រា​៤៩០នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

លោក​ យុង​ ផានិត​ ធ្លាប់​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ តុលាការ​សម្រេច​បំបែក​សំណុំ​រឿង​បន្ថែម​ ដើម្បី​ស៊ើបអង្កេត​រក​អត្តសញ្ញាណ​អ្នក​ដែល​ផ្តល់​អាវុធ​ដល់​ ជួប​ សម្លាប់​ និង​ អត្តសញ្ញាណ​អ្នក​ដែល​នាំ​ជួប​ សម្លាប់​ ឲ្យ​ស្គាល់​បណ្ឌិត​ កែម​ ឡី​ ។

NKD-36x6_outline

នា​សវនាការ​កន្លង​ទៅ​ ជនជាប់ចោទ​ អឿត​ អាង​ ហៅ​ជួប​ សម្លាប់​ នៅ​តែ​សារភាពថា​ ខ្លួន​ពិត​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ពិត​ប្រាកដ​មែន​ ហើយ​សកម្មភាព​នេះ​ គឺ​ ខ្លួន​ធ្វើ​តែ​ម្នាក់ឯង​ ពុំ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នោះ​ទេ​ បើ​ទោះបី​ជា​ក្រុម​គ្រួសារ​នៃ​សព​មិន​ជឿ​ក៏​ដោយ​ ។

ជនជាប់ចោទ​ ជួប​ សម្លាប់​ អះអាង​ទៀត​ថា​ មូលហេតុ​ដែល​ខ្លួន​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ព្រោះ​ខឹង​នឹង​ជនរងគ្រោះ​ដែល​ជំពាក់​ប្រាក់ចំនួន​​៣០០០ដុល្លារ​ មិន​ព្រម​សង​ ទើប​ខ្លួន​ធ្វើ​សកម្មភាព​បែប​នេះ​តែ​ម្តង​ ។

នៅ​ក្នុង​ពេល​សវនាការ​ តុលាការ​ក៏​បាន​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​នៅ​បរិវេណ​ក្នុង​ស្តា​រ​ម៉ាត​ រហូត​ដល់​ចំណុច​មុខ​វត្ត​ស្វាយ​ពពែ​ ដែល​បង្ហាញ​ថា​ ក្នុង​អំពើ​ឃាតកម្ម​នេះ​ គឺ​ មាន​តែ​ជនជាប់ចោទ​ ជួប​ សម្លាប់​ ម្នាក់​ប៉ុណ្ណោះ​ ។​ រីឯ​ ក្រយៅដៃ​លើ​កាំភ្លើង​ ត្រូវ​បាន​លទ្ធផល​កោសល្យវិច័យ​បង្ហាញ​ថា​ ពិត​ជា​ក្រយៅដៃ​របស់​ ជួប​ សម្លាប់​ ពិត​ប្រាកដ​មែន​ ។

អឿត​ អាង​ ហៅ​ជួប​ សម្លាប់​ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​វេលា​ម៉ោង​៨៖៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​ មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ៕ ចេស្តា