ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ដំឡូងមីមានទីផ្សារ ពលរដ្ឋសំរុកទិញដើមដំឡូងមីស្រសពីជនជាតិថៃនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ

ប៉ោយប៉ែតៈ ដោយសារតែផលដំឡូងមីនៅដើមឆ្នាំ២០១៨កន្លងមកនេះ មានតម្លៃនៅលើទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗក៏ដោយ គេឃើញថា ពលរដ្ឋមួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃក៏ដូចពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបាននាំគ្នាមកទិញដើមដំឡូងមីស្រសនៅព្រំដែនកម្ពុជា ថៃ ដូចជាស្រុកស្វាយចេក ស្រុកថ្មពួក និងស្រុកអូរជ្រៅ ។

នៅតាមបន្ទាត់ព្រំដែនគេឃើញមានរថយន្តតូច ធំ ពាក់ស្លាក់លេខថៃ ផ្ទុកដើមដំឡូងមីស្រសពេញៗបើកចេញពីដីថៃតាមបណ្ដាច្រករបៀងមួយចំនួនក្នុងស្រុកស្វាយចេក ចំណែករថយន្តពលរដ្ឋខ្មែរកំពុងតែចតជាច្រើនផងដែរ រង់ចាំដែលរថយន្តជនជាតិថៃដឹកដើមដំឡូង។

ពលរដ្ឋម្នាក់ជាកសិករដាំដំឡូងមីលើកឡើងថានៅក្នុងឆ្នាំនេះដំឡូងមីមានទីផ្សារជាងឆ្នាំមុនៗ ហេតុដូចនេះហើយ ទើបប្រជាជនមួយចំនួនក្នុងខេត្តបាននាំគ្នាមកទិញដើមដំឡូងមីពីជនជាតិថៃ ដឹកតាមរថយន្តមកលក់នៅលើទឹកដីខ្មែរតាមបន្ទាត់ព្រំដែន ។

ស្រ្តីរួបនោះបញ្ជាក់ថាៈ ព្រោះដើមដំឡូងមីរបស់ប្រជាពលរដ្ឋយើងដាំនៅក្នុងស្រុកនោះវាខូចខាតដោយសារតែ ដង្កូវស៊ី(ក្រា) ម្យ៉ាងទៀតប្រជាពលរដ្ឋមួយចំនួនគាត់ ក៏បង្កើនផ្ទៃដីដាំដំឡូងមីបន្ថែមទើបនាំគ្នាសំរុកទិញពូជដើមដំឡូងមីស្រសពីឈ្មួញថៃ ក្រែងឆ្នាំនេះបានផលនិងបានតំលៃថ្លៃដូចឆ្នាំដើមឆ្នាំ២០១៨នេះ។ ពួកគាត់ក៏មានការព្រួយបារម្ភផងដែរ អំពីតំលៃតំឡូងមី បើសិនជាធ្វើទៅបានផល តែផលដំឡូងមីនោះធ្លាក់ចុះវិញ ពួកគាត់និងអាចលក់ស្រែ លក់ចំការ សងប្រាក់ថ្លៃធនាគារមិនខាន។

លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ ខេត្តបន្ទាយមានជ័យ ប្រាប់តាមទូរស័ព្ទថា ដំណាំកសិឧស្សាហកម្មដំឡូងមី និងពោតឆ្នាំ2017មានទីផ្សារល្អជាងឆ្នាំមុនៗ។

ករណីពលរដ្ឋសម្រុកទិញដើមដំឡូងមីពីជនជាតិថៃ លោកប្រធានមន្ទីរប្រាប់ថា ដោយសារដំឡូងដាំយូរ ដើមអន់ពលរដ្ឋមួយចំនួនប្រមូលដុតចោលម្យ៉ាងដោយសារឆ្នាំហើយទីផ្សារដំឡូងមីមានទីផ្សារល្អពលរដ្ឋកាន់តែពង្រីកផ្ទៃដីដាំបន្ថែមទៀតទើបខ្វះខាតដើមត្រូវទិញ ។

លោកបន្តថាឆ្នាំ2017ពលរដ្ឋដាំដំណាំកសិឧស្សាហកម្មទូទាំងខេត្តលើផ្ទៃដីបានចំនួន85000ហិកតា ខណៈឆ្នាំ2018នេះ លោកអះអាងថា ពលរដ្ឋទើបតែដាំបាន40000ហិកតា ប៉ុន្តែកំពុងដាំដុះបន្ត ព្រោះពេលនេះជារដូវដើមដៃ។

លោកប្រធានមន្ទីរបន្តថាឆ្នាំនេះពលរដ្ឋអាចនឹងដាំដុះដំណាំដំឡូងមីច្រើនជាងឆ្នាំមុនៗ ព្រោះតែឆ្នាំនេះដំឡូងមីមានទីផ្សារល្អ ។ លោកប្រធានមន្ទីរប្រាប់ថា ឆ្នាំនេះការដាំពោតរបស់កសិករ នឹងថយចុះ ព្រោះពោតពិបាកថែ ហើយមិនសូវមានទីផ្សារល្អដូចដំឡូងមីហើយនៅ ឆ្នាំ2017 ពលរដ្ឋដាំពោតបាន13000ហិកតា ដោយឡែកឆ្នាំ2018នេះ ពលរដ្ឋទើបដាំពោតបានតែជាង1000ហិកតាប៉ុណ្ណោះ ៕ វណ្ណា