ព័ត៌មានទាន់ហេតុការណ៍៖

ឌុបកូនទៅចុះឈ្មោះចូលរៀន ឆ្លៀតលួចម៉ូតូអ្នកគ្រូ នគរបាលស្រាវជ្រាវក្របួចជាប់

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលលលកស ជនសង្ស័យជាមុខសញ្ញាលួច និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងពោធិ៍សាត់ ប៉ុស្ដិ៍រដ្ឋបាលលលកសសហការស្រាវជ្រាវបង្រ្កាបបានទាន់ពេល នៅគ្រាដែលជនសង្ស័យបានធ្វើសកម្មដោយប្រើល្បិចខ្ពស់ ដឹកកូនប្រុសទៅចុះឈ្មោះចូលរៀនរួចទុកម៉ូតូដែលខ្លួនជិះបន្លំលួចយកម៉ូតូអ្នកគ្រូដើម្បីជិះគេចខ្លួន។

ប្រភពរាយការណ៍ខាងលើបន្តថា ប្រតិបត្តិការនគរបាលស្រាវជ្រាវបង្រ្កាបមុខសញ្ញាទាន់ពេលនេះ ធ្វើឡើងនៅវេលាម៉ោង៥ ល្ងាច ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះម្ដាយជនសង្ស័យ ស្ថិតក្នុងភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា ជនជនសង្ស័យជាមុខសញ្ញាត្រូវបានបង្រ្កាបឈ្មោះ ជា ស័ក ទីលំនៅមិនពិតប្រាកដ ជាមន្រ្តីអនុរក្សពន្ធនាគារ ម៤ស្រុកភ្នំក្រវាញ ប៉ុន្តែត្រូវបានអង្កភាពកំពុងរៀបចំបណ្ដេញចេញ ព្រោះជននេះមានជម្លោះច្រើន។

ប្រភពរាយការណ៍ខាងលើបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យជាមុខសញ្ញាបានធ្វើសកម្មភាពដោយប្រើប្រាស់ល្បិចកល់ខ្ពស់ ខណៈនៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា មុន ថ្ងៃចាប់ខ្លួន ជនសង្ស័យបានជិះម៉ូតូតួប្រុស ពណ៌ខ្មៅ ១គ្រឿង គ្មានស្លាកលេខ ឌុបកូនប្រុសម្នាក់មកចុះឈ្មោះចូលរៀន នៅសាលាបឋមសិក្សាសុភី ស្ថិតក្នុងដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈទំនងឃើញម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C 4898 ជាកម្មសិទ្ធិអ្នកគ្រូបង្រៀនឈ្មោះ ជិន ផល្លា អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទុកនៅមុខបន្ទប់ ថ្នាក់បង្រៀនដោយមិនដកកូនសោចេញពីម៉ូតូ ជនសង្ស័យឃើញឱកាសល្អ ក៏បានជិះចេញទៅបាត់ ដោយទុកម៉ូតូរបស់ខ្លួនរួមទាំងកូនសោផងដែរ ហើយជនសង្ស័យរូបនេះ បានដោះស្លាកលេខម៉ូតូដែលខ្លួនបន្លំជិះចេញទៅ នៅម្ដុំភូមិជង្រុក ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោយមកក៏ត្រូវសមត្ថកិច្ចសហការស្រាវជ្រាវឃាត់ចាប់ខ្លួនបាននៅផ្ទះម្ដាយ ដូចបានរៀបរបខាងលើ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តនីតិវិធី៕ ប៉ឹម ពិន